អង់ការ៉ា ៖ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹង កាលពីថ្ងៃពុធថា មានមនុស្សចំនួន០៤នាក់បានស្លាប់ និងចំនួន១៤នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារភេរវកម្មមួយ នៅឯរោងចក្រផលិត យន្តហោះចម្បាំងតួកគី ហៅកាត់ថា (TUSAS) ក្នុងទីក្រុងអង់ការ៉ា ។
លោករដ្ឋមន្ត្រី បានប្រាប់ដល់អ្នកយកព័ត៌មាន នៅកន្លែងនៃការវាយប្រហារនេះ យ៉ាងដូច្នេះថា អ្នករងរបួសចំនួន០៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Yerlikaya បានកត់សម្គាល់ថា ភេរវករចំនួន០២នាក់ បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបាន “បង្ក្រាប” ដោយកងកម្លាំងសន្តិសុខភ្លាមៗ បន្ទាប់ពីការវាយប្រហារ សំដៅលើអគារការពារសំខាន់ នៅឯជាយក្រុង អង់ការ៉ានោះ ។
ជារឿយៗអាជ្ញាធរតួកគី បានប្រើពាក្យថា “បង្ក្រាប” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបញ្ជាក់ថា ភេរវករដែលត្រូវបានចោទប្រកាន់ថា បានចុះចាញ់ ត្រូវបានគេសម្លាប់ ឬត្រូវបានចាប់ខ្លួន ។
លោកបានបញ្ជាក់ថា “យើងកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណភេរវករ” ដោយបានបន្ថែមព័ត៌មាន របស់ភេរវករនឹងត្រូវបានបង្ហាញ នៅពេលដែលពួកគេត្រូវបានកំណត់ អត្តសញ្ញាណបានច្បាស់លាស់ ។
លោករដ្ឋមន្ត្រីបានថ្លែងថា “ខ្ញុំថ្កោលទោសទៅលើការ វាយប្រហារដ៏សាហាវនេះ ។ ការប្រយុទ្ធរបស់យើង នឹងបន្តដោយការប្តេជ្ញាចិត្ត រហូតដល់ភេរវករចុងក្រោយត្រូវបានបង្ក្រាប” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា