ព័ត៌មានជាតិ

យុវជនថា ជំនាញម៉ាស៊ីន ស្វ័យប្រវត្តិកម្ម (Automation) និងជំនាញសំណង់ស៊ីវិល (Civil engineering) ជាជំនាញមានសក្តានុពល លើទីផ្សារកម្ពុជា

ភ្នំពេញ ៖ បេក្ខជនដែលបានចូលរួមកម្មវិធីប្រកួត ប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បង្ហាញថាជំនាញម៉ាស៊ីន ស្វ័យប្រវត្តិកម្ម (Automation) និងសំណង់សុីវិល (Civil engineering) ជាជំនាញ ដែលមានសក្តានុពល លើទីផ្សារការងារនៅកម្ពុជា ពីព្រោះជំនាញមួយនេះ មានទីផ្សារខ្ពស់ នៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យ ឧស្សាហកម្ម នៅតាមបណ្តារោងចក្រ នៅក្នុងស្រុក ដែលសុទ្ធសឹងតែជាការងារ មានប្រាក់ចំណូលខ្ពស់ ។

យុវជន អុល សុភារម្យ ជានិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងជាបេក្ខជន ចូលរួមប្រកួតប្រជែងជំនាញ ថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) លើកឡើងថា ខ្លួនបានជ្រើសរើសជំនាញ Automation នេះមកចូលរួម ប្រកួតប្រជែង ព្រោះជាជំនាញដែលខ្លួនរំពឹងខ្ពស់ ក្នុងការទទួលបានលទ្ធផលគាប់ប្រសើរ ដើម្បីបន្តទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជាពិសេសការ ប្រឡងប្រជែង ជំនាញថ្នាក់អាស៊ាន នៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ដើម្បីលើកមុខមាត់ជូនជាតិ ពីព្រោះខ្លួនបានត្រៀមខ្លួនរួចរាល់ពេញលេញ និងមានការណែនាំ ពីសំណាក់សាស្រ្តាចារ្យនៅក្នុងថ្នាក់ គ្រប់ជ្រុងជ្រោយលើជំនាញនេះ។

ដោយឡែក យុវតី ដូរ ស្រណុច មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជាជំនាញដែលខ្លួនជ្រើសរើសយកមកធ្វើការ ប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែង ជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ។ មូលហេតុដែលខ្លួនជ្រើសរើសជំនាញនេះ មកប្រកួត ពីព្រោះវាជាជំនាញ ដែលពេញនិយមនៅក្នុងស្រុក ងាយស្រួលរកការងារធ្វើ ក្នុងនោះដែរតាមរយៈការប្រឡង ប្រជែងនេះនឹងធ្វើឱ្យខ្លួនកាន់តែមានភាពលេចធ្លោ ទទួលបានបទពិសោធន៍ថ្មី ដែលធ្វើឱ្យក្រុមហ៊ុនឯកជន ផ្តល់ឱកាសខ្ពស់លើរូបគេ។

យុវតីរូបនេះបន្ថែមថា បើទោះបីលទ្ធផលប្រឡងថ្នាក់ជាតិបែបណាក៏ដោយ​​ តែយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច នឹងអាចយកទៅប្រកួត នៅលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួន គ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការ ប្រកួត។ អ្វីដែលសំខាន់នោះ ប្រសិនបើខ្លួនទទួល បានជ័យលាភីល្អប្រសើរ បណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើម ក្នុងការប្រឡងកម្មវិធីលំដាប់ ថ្នាក់ជាតិ និងអន្តរជាតិមួយនេះ។  

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ត្រូវធ្វើ​ឡើង​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដែលជាព្រឹត្តិការណ៍ សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និង​ចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថាន​សិក្សាចំនួន១៦ ចូលរួម​ប្រកួតប្រជែងលើជំនាញ៖  ជំនាញតបណ្តាញអគ្គិសនី, ជំនាញរៀបឥដ្ឋ,  ជំនាញផ្សារ,  ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនា​ក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)៕

To Top