Covid-19

UN៖ សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ចុះ ១ ភាគរយ នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩

UN៖ យោងតាមការវិភាគ ដែលចេញផ្សាយ កាលពីថ្ងៃពុធ ដោយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA) គឺសេដ្ឋកិច្ចសកលអាចធ្លាក់ចុះដល់ ១ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ១៩ និងអាចធ្លាក់ចុះបន្តទៀត ប្រសិនបើមានការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍សង្ខេបរបស់ UN-DESA រកឃើញថា កម្មកររាប់លាននាក់ កំពុងប្រឈមនឹងហានិភ័យ បាត់បង់ការងារ ដោយសារប្រទេសជិត ១០០ បិទព្រំដែនជាតិរបស់ខ្លួន។ នោះអាចបណ្តាល ឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ០,៩ ភាគរយនៅចុងឆ្នាំ ២០២០ ឬខ្ពស់ជាងនេះ ប្រសិនបើរដ្ឋាភិបាលខកខាន មិនបានផ្តល់ការគាំទ្រប្រាក់ចំណូល និងជួយជំរុញការចំណាយ របស់អ្នកប្រើប្រាស់នោះទេ។

យោងតាមការព្យាករណ៍ ការបិទទ្វារនៅអឺរ៉ុប និងអាមេរិកខាងជើង កំពុងធ្វើអោយប៉ះពាល់ ដល់វិស័យសេវាកម្ម ជាពិសេសឧស្សាហកម្ម ដែលមានអន្តរកម្ម ដូចជាពាណិជ្ជកម្មលក់រាយ ការកំសាន្ត និងបដិសណ្ឋារកិច្ច សេវាកំសាន្ត និងដឹកជញ្ជូន។ ជារួមឧស្សាហកម្មបែបនេះ មានចំនួនច្រើនជាងមួយភាគបួន នៃការងារទាំងអស់ នៅក្នុងសេដ្ឋកិច្ចទាំងនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top