ព័ត៌មានជាតិ

ពលរដ្ឋ២០០នាក់ ធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយ តាមរថយន្ត១៣គ្រឿង ឆ្ពោះទៅកាន់តំបន់ព្រំដែនប៉ែកឦសាន

ភ្នំពេញ៖ ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន២០០នាក់ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយ តាមរថយន្តចំនួន១៣គ្រឿង ចេញពីរាជធានីភ្នំពេញ នៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាន នៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

ដូចការគ្រោងទុក ដំណើរទស្សនកិច្ចពលរដ្ឋ បានអញ្ជើញទៅដល់ទីតាំងទី១នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ។ លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិត នៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន ក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មាន ពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀត ដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញ នាល្ងាចនៃសៅរ៍ដដែលនេះ។

នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយ រាប់ចាប់តាំងពីដំណើរលើកទី១ ដែលបានប្រព្រឹត្តទៅ កាលពីដើមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកចូលរួមសរុប ចំនួន១,៣១១ នាក់។ ដំណើរទស្សនកិច្ចប៉ែកឦសានទាំង៧លើក បានជូនប្រជាពលរដ្ឋ ទៅមើលស្ថានភាព ទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រង ក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។ សូមបញ្ជាក់ជូនថាសន្ទុះនៃការចូលរួម របស់ប្រជាពលរដ្ឋបានបន្តកើនឡើង ហើយបើផ្អែកតាមបច្ចុប្បន្នភាពនៃចំនួនអ្នកចុះឈ្មោះ ដែលក្រុមការងាររៀបចំដំណើរទស្សនកិច្ចបានបូកសរុបមកទល់ពេលនេះ មានអ្នកបានឈ្មោះចំនួនប្រមាណ ៣,៥០០នាក់ ហើយ។

មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើង មកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានងាយៗ និងដោយអនុវត្តគោលការណ៍ ចុះឈ្មោះមុន បានចូលរួម ក្នុងដំណើរទស្សនកិច្ចមុន។

ដំណើរទស្សនកិច្ចចំនួន៦លើកកន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានចូលរួម ដោយបានបញ្ជាក់គ្រប់ៗគ្នាថា បានទទួលនូវបទពិសោធន៍ដ៏ល្អនិងប្រកបដោយសុវត្ថិភាព ពីដំណើរទស្សនកិច្ចនេះ។ 

ដំណើរទស្សនកិច្ចពលរដ្ឋប្រភេទនេះ ជាការរៀបចំដំបូងបង្អស់ហើយនៅកម្ពុជា ឬនៅក្នុងតំបន់ផងដែរ និងបានជម្រះអស់មន្ទិលជុំវិញបញ្ហាព្រំដែន នាពេលកន្លងមក ព្រោះដំណើរទស្សនកិច្ចនេះ បានបង្កើតសក្ខីកម្មរស់របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងឥតប្រកែកបាន ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជា បានយ៉ាងគត់មុត និងប្រកបដោយការការពារយ៉ាងពេញលេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។

ដំណើរទស្សនកិច្ចពលរដ្ឋនេះ បានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀត ដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។

ដំណើរទស្សនកិច្ចនេះ ក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងបានបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រសោះឡើយ។ ក្នុងន័យនេះដែរ ប្រជាជនកម្ពុជា នឹងបន្តរួមកំលាំងសាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពការពារ និងអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិត ពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញ នូវការបន្តរួមចំណែកក្នុងការថែរក្សាការពារស្ថិរភាព ក្នុងសង្គមដើម្បីកំណើនសេដ្ឋកិច្ច។

សូមរំលឹកជូនថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

To Top