ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី សន្យាថា នឹងវាយប្រហារដោយមីស៊ីល ទៅលើរោងចក្រយោធាអាល្លឺម៉ង់នៅអ៊ុយក្រែន

RT News

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev រំពឹងថា នឹងមានការបាញ់មីស៊ីលនៅឯរោងចក្រផលិតអាវុធរបស់ឧស្សាហកម្មការពារជាតិ Rheinmetall ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមហ៊ុនបានប្រកាសថា រោងចក្រផលិតមួយរបស់ខ្លួនដែលត្រូវបានសាងសង់ឡើងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវ បានដំណើរការរួចហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនផលិតសព្វាវុធដ៏ធំបំផុតរបស់អាល្លឺម៉ង់បានបញ្ចប់ផែនការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមការពារជាតិ Ukroboronprom នៅដើមឆ្នាំនេះ ដើម្បីផលិតគ្រាប់កាំភ្លើងធំ រថពាសដែក និងប្រព័ន្ធការពារអាកាស។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូ,  Rheinmetall ដែលផលិតអាវុធជាច្រើនរួមទាំងរថក្រោះ Leopard បាននិយាយថា ខ្លួននឹងសាងសង់រោងចក្រចំនួនបួននៅលើដីអ៊ុយក្រែន។

ទីក្រុងមូស្គូបានឆ្លើយតបទៅនឹងការប្រកាសនេះ ដោយព្រមានថា មធ្យោបាយបែបនេះត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់” សម្រាប់ការវាយប្រហាររបស់រុស្ស៊ី។

កាលពីថ្ងៃសៅរ៍នាយកក្រុមហ៊ុន Rheinmetall លោក Armin Papperger បានបញ្ជាក់ថា “អ្វីៗកំពុងរីកចម្រើន” នៅក្នុងប្រទេសអ៊ុយក្រែនហើយ “រោងចក្រដំបូងបានត្រៀមរួចរាល់ហើយ” ។

លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានអត្ថាធិប្បាយលើការអភិវឌ្ឍនេះ ដោយបញ្ជាក់ថា រោងចក្រដែលទើបនឹងសាងសង់ថ្មីនេះ នឹងត្រូវកំណត់គោលដៅវាយប្រហារដោយយោធារុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top