តូក្យូ៖ ការបោះឆ្នោតបានធ្វើឡើងនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ សម្រាប់ការបោះឆ្នោតសកលមួយ ខណៈដែលនាយករដ្ឋមន្ត្រីថ្មី លោក Shigeru Ishiba ស្វែងរកអាណត្តិថ្មី ចំពេលមានការត្រួតពិនិត្យកាន់តែខ្លាំង លើការគ្រប់គ្រងមូល និធិនយោបាយ របស់គណបក្សកាន់អំណាច។
គណបក្ស Liberal Democratic Party រួមជាមួយនឹងដៃ គូចម្រុះរបស់ខ្លួន គឺគណបក្ស Komeito មានគោលបំណងរក្សាសំឡេង ភាគច្រើននៅក្នុងសភា តំណាងរាស្រ្ត ដែលមានសមាជិក ៤៦៥ ប៉ុន្តែការស្ទង់មតិប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហា។
នៅក្នុងការបោះឆ្នោតសកល លើកដំបូងចាប់តាំងពីឆ្នាំ២០២១ អ្នកបោះឆ្នោតម្នាក់ៗ បោះឆ្នោតពីរសន្លឹក គឺមួយដើម្បីជ្រើសរើស បេក្ខជននៅក្នុងមណ្ឌលតែមួយអាសនៈ និងមួយទៀតជ្រើសរើសគណបក្ស សម្រាប់តំណាងសមាមាត្រ ហើយលទ្ធផល នៃការបោះឆ្នោតចុងក្រោយ ត្រូវបានគេរំពឹងថា នឹងមានភាពច្បាស់លាស់នៅព្រឹកថ្ងៃចន្ទស្អែក។
បេក្ខជនប្រហែល ១,៣០០នាក់កំពុងប្រកួតប្រជែង ដណ្តើមយកអាសនៈចំនួន ៤៦៥ ពោលគឺ ២៨៩នៅក្នុងមណ្ឌល ដែលមានអាសនៈតែមួយ និង ១៧៦ តាមរយៈតំណាងសមាមាត្រ ។
លោក Ishiba បានរំលាយសភា ជាន់ទាបកាលពីថ្ងៃទី០៩ ខែតុលា ត្រឹមតែ ៨ថ្ងៃបន្ទាប់ពីការចូលកាន់តំណែង ដោយប្តេជ្ញាថា នឹងស្តារការជឿទុកចិត្ត របស់សាធារណៈជនក្នុងនយោបាយ និងបន្តទៅមុខជាមួយនឹង គំនិតផ្តួចផ្តើមគោល នយោបាយសំខាន់ៗ។
នាយករដ្ឋមន្ត្រីវ័យ ៦៧ឆ្នាំរូបនេះ បានសន្យាថា នឹងផ្តល់អាទិភាព ដល់ការបន្ធូរបន្ថយផលប៉ះពាល់ អវិជ្ជមាននៃអតិផរណា លើគ្រួសារ ពង្រឹងការការពារ របស់ប្រទេសជប៉ុន ប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខពីប្រទេសជិតខាង និងការលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងភាពធន់នឹងគ្រោះមហន្តរាយ ៕
ប្រែសម្រួល ឈូក បូរ៉ា