ព័ត៌មានជាតិ

៩ខែ ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវ ទេសចរកូរ៉េ ជាង១០ម៉ឺននាក់ កើនឡើង ១៤,៨%

ភ្នំពេញ ៖ ប្រតិកម្មតបទៅនឹង ការចុះផ្សាយព័ត៌មាន របស់ទូរទស្សន៍ សាធារណរដ្ឋកូរ៉េ អំពីករណីពលរដ្ឋកូរ៉េ ត្រូវបានបង្ខាំង ធ្វើការខុសច្បាប់ និង ត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍ បានចាត់ទុកការចោទប្រកាន់នេះ ជាព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា ក្នុងនោះក្រសួងអះអាងថា រយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវទេសចរកូរ៉េចំនួន១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% ធៀបបរយៈពេល ដូចគ្នានៅឆ្នាំ២០២៣ ។

តាមរយៈសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េអំពីករណីពលរដ្ឋកូរ៉េ ត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ មានទូរទស្សន៍កូរ៉េមួយ បានចុះផ្សាយដោយចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះ ដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបាន ចាប់ជំរិតនៅកម្ពុជា ។ កន្លងមក អគ្គស្នងការនគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះ ផ្សាយប្រឌិតដោយទូរទស្សន៍កូរ៉េ ចំពោះការចោទប្រកាន់ខាងលើដែលជាព័ត៌មានមិនពិតនិងធ្វើ ឱ្យមានការភាន់ច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាស ព័ត៌មានជាបន្តបន្ទាប់ បដិសេធចំពោះការផ្សព្វផ្សាយ ដោយបណ្តាញព័ត៌មាន ពីក្រៅប្រទេសមួយចំនួន ដែលមូលបង្កាច់លាបពណ៌មកលើកម្ពុជាថា បណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្ស ដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ សូមស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាតនឹងចរន្តព័ត៌មានក្លែងក្លាយ។

ក្រសួងទេសចរណ៍ សូមជម្រាប ជូនសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%។ សម្រាប់រយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួនប្រមាណ ៤,៨ លាននាក់ កើនឡើង ២២,២% ក្នុងនោះមានទេសចរកូរ៉េ ចំនួន១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% ធៀបបរយៈពេល ដូចគ្នានៅឆ្នាំ២០២៣។ តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមអំពាវនាវភ្ញៀវ ទេសចរជាតិ និងអន្តរជាតិចូលរួម ឱ្យបានច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញ ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា និងពិធីបុណ្យសមុទ្រ នៅខេត្តកំពតពីថ្ងៃទី ១៣-១៥ ខែធ្នូ នាពេលខាងមុខ។ ក្រសួងទេសចរណ៍ ស្នើឱ្យបណ្តាញ សារព័ត៌មានពាក់ព័ន្ធ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ឱ្យបានត្រឹមត្រូវត្រូវ ដោយត្រូវកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយ ព័ត៌មានមិនពិត ដែលធ្វើ ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ៕

To Top