ព័ត៌មានអន្តរជាតិ

Update: អ្នកចាញ់បោកក្រុមហ៊ុន លក់អនឡាញ iCon Group មាននៅបរទេស រហូតដល់២០ប្រទេស រួមទាំងនៅកម្ពុជាផងដែរ

Photo: Pattarapong Chatpattarasill

បរទេស ៖ ជនរងគ្រោះកាន់តែច្រើនក្នុងគម្រោងបោកប្រាស់ ពីរ៉ាមីតរបស់ក្រុមហ៊ុន លក់អនឡាញ iCon Group ដែលរស់នៅក្រៅប្រទេស បានដាក់ពាក្យបណ្តឹង ទៅកាន់ផ្នែកប៉ូលីស ការពារ អ្នកប្រើប្រាស់ ដោយនាំឱ្យចំនួន ជនរងគ្រោះសរុបកើនឡើងដល់ ៩.៤៦៩នាក់ គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការខាតបង់ សរុបចំនួន ២,៩ ពាន់លានបាត ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ittidet Thaneswatana ដែលតំណាងឱ្យជនរង គ្រោះនៅក្រៅប្រទេស បាននិយាយថា ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីជិត ២០ រួមមានប្រទេសចិន ហុងកុង ម៉ាកាវ មីយ៉ាន់ម៉ា ឡាវ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី អារ៉ាប់រួម ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ ស៊ុយអែត អេស្តូនី លុចសំបួ កាណាដា និងសហរដ្ឋអាមេរិក។

ជនរងគ្រោះម្នាក់គឺ នីន ជាស្ត្រីជនជាតិថៃ ដែលបើកហាងលក់គ្រឿងទេសមួយក្នុងទីក្រុងហុងកុង ដែលបានចូលរួមក្នុងគម្រោងនេះ បន្ទាប់ពីបានឃើញផ្ទាំងប៉ាណូ របស់ក្រុមហ៊ុនមួយក្នុងពេលធ្វើដំណើរទៅប្រទេសថៃ។ នៅពេលចូលរួមក្នុងគម្រោងនេះ នីន បានបង់ប្រាក់ចំនួន ២៥០.០០០ បាតដល់អ្នកជ្រើសរើសរបស់នាង ដែលបន្ទាប់មកបានលើកទឹកចិត្តនាង ឱ្យជ្រើសរើសសមាជិកបន្តទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវឋានៈរបស់នាងនៅក្នុងក្រុមហ៊ុន។

បន្ទាប់មក នាងបានទៅបញ្ចុះបញ្ចូលមិត្តភ័ក្តិ និងសាច់ញាតិរបស់នាងជាច្រើននាក់ឱ្យចុះឈ្មោះ និងបានជួបប្រទះបញ្ហាជាច្រើនដូចជាបាត់ផលិតផល , ផលិតផលមានតម្លៃខ្ពស់ មិនសមហេតុផល និងភាគហ៊ុនប្រាក់ចំណេញទាប និងកម្រៃជើងសាទាបផងដែរ។ នាង មិត្តភ័ក្តិ និងសាច់ញាតិរ បស់នាងមិនអាចលក់ផលិតផលបាន ហើយត្រូវខាតបង់សរុបជិត ២ លានបាត។

លោក Ittidet បាននិយាយថា សមាជិកម្នាក់ទៀតនៅក្នុងគម្រោងនេះ ដែលរស់នៅក្នុងសហរដ្ឋអាមេរិកក៏បានអះអាងពីការខាតបង់ដ៏ធំផងដែរ ដោយសារតែនាងមិនអាចលក់ ផលិតផលរបស់ម៉ាកដែលនាងបានបញ្ជាទិញជាស្តុកធំ។ នារីរងគ្រោះបាននិយាយថា នាងត្រូវតែប្រគល់ផលិតផល រាប់រយប្រអប់ពី The iCon Group ដោយមិនគិតថ្លៃ ព្រោះឥឡូវនេះក្រុមហ៊ុនបានបាត់បង់កេរ្តិ៍ឈ្មោះ ហើយផលិតផលនឹងផុតកំណត់ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top