ព័ត៌មានអន្តរជាតិ

រូបភាពផ្កាយរណប បង្ហាញពីការខូចខាត មូលដ្ឋានយោធាអ៊ីរ៉ង់ ចំនួន២របស់អ៊ីរ៉ង់ ពីការវាយប្រហារ សងសឹករបស់អ៊ីស្រាអែល

AFP

បរទេស៖ ការវាយប្រហារ របស់អ៊ីស្រាអែលលើប្រទេស អ៊ីរ៉ង់ បានធ្វើឱ្យខូចខាតទីតាំង នៅមូលដ្ឋានយោធាសម្ងាត់ ចំនួនពីរនៅភាគអាគ្នេយ៍ នៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នាពេលកន្លងមក អ្នកជំនាញបានភ្ជាប់ទីតាំងមួយ ទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងមួយទៀត ទៅនឹងកម្មវិធីមីស៊ីលផ្លោង ។ អគារមួយចំនួនដែលរងការខូចខាត បានថតនៅក្នុងមូលដ្ឋានយោធា Parchin របស់អ៊ីរ៉ង់ ជាកន្លែងដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិសង្ស័យថា អ៊ីរ៉ង់នាពេលកន្លងមកបានធ្វើតេស្តជាតិផ្ទុះ ខ្ពស់ដែលអាចផលិតជាអាវុធនុយក្លេអ៊ែរ។

យូរមកហើយអ៊ីរ៉ង់ បានទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺបម្រើឱ្យសន្តិភាព ទោះបីជា ទីភ្នាក់ងារថាមពលអាតូមិក ឬ IAEA , ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់លោកខាងលិច និងក្រុមផ្សេងទៀតនិយាយថា ទីក្រុងតេហេរ៉ង់មានកម្មវិធីអាវុធសកម្មរហូតដល់ឆ្នាំ ២០០៣ ក៏ដោយ។

ការខូចខាតផ្សេងទៀតអាចត្រូវបានគេមើលឃើញនៅឯមូលដ្ឋានយោធា Khojir ក្បែរនោះ ដែលអ្នកវិភាគជឿថា លាក់បាំងនូវប្រព័ន្ធផ្លូវរូងក្រោមដី និងកន្លែងផលិតមីស៊ីល។

យោធាអ៊ីរ៉ង់មិនបានទទួលស្គាល់ការខូចខាតទាំងនៅទីតាំងមូលដ្ឋានយោធា Khojir ឬ Parchin ពីការវាយប្រហារ របស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសៅរ៍នោះទេ ទោះបីជាខ្លួនបាននិយាយថា ការវាយប្រហារនេះបានសម្លាប់ទាហានអ៊ីរ៉ង់ បួននាក់ដែលធ្វើការនៅក្នុងប្រព័ន្ធការពារដែន អាកាសរបស់ប្រទេសក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top