ភ្នំពេញ ៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវ ដឹកនាំត្រួតពិនិត្យ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំខេត្តក្រចេះ បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងដែលមិនអាចខ្វះបាន នៅក្នុងការសហការ ជួយដល់កម្លាំងនគរបាលមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
ការលើកឡើងរបស់ លោកបណ្ឌិត ស៊ាង ប៊ុនលាង នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ និងប្រជុំបូក សរុបលទ្ធផលការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាល ខេត្តក្រចេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
លោកបណ្ឌិត ស៊ាង ប៊ុនលាង មានប្រសាសន៍បន្ថែមថា «កម្លាំងប្រជាការពារ គឺជាកម្លាំង ដែលមិនអាចខ្វះបាន នៅក្នុងការសហការ ជួយដល់កម្លាំង នគរបាលមូលដ្ឋាន នៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ប្រាកដណាស់ថា មានតួនាទីសំខាន់នៅក្នុងការអនុវត្តកិច្ចការងារនេះ ប៉ុន្តែគេក៏មិនត្រូវមើលរំលងកម្លាំង ប្រជាការពារនោះដែរ ព្រោះពួកគាត់បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការងារគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ» ។
ទន្ទឹមគ្នានេះ ដើម្បីជំរុញឱ្យការងារ អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលនេះ លោកបណ្ឌិត បានជំរុញដល់មេឃុំ ចៅសង្កាត់ ក៏ត្រូវសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន ចុះធ្វើការអប់រំផ្សព្វផ្សាយជាលក្ខណៈតូចៗឱ្យបានញឹកញាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោកបណ្ឌិត រដ្ឋលេខាធិការ បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍនីតិវិធី ជាដំណាក់កាលៗ ពីព្រោះគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់ ដូច្នេះតម្រូវឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្តទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សា ឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ធ្វើឱ្យជីវភាព របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ៕