ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៥:៣០នាទី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ពិធីបើកការប្រកួតកីឡាជាតិខាងលើ នឹងមានពិធីរត់ភ្លើងគប់ នៅវេលាម៉ោង ១៤:០០នាទី ដោយ ចេញដំណើរពីខេត្តកណ្តាល កន្លែងការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅផ្លូវជាតិលេខ១ រហូតដល់ ផ្លូវបត់ស្តាំទៅកោះនរា ឆ្ពោះមកកោះពេជ្រ ចេញតាមស្ពាននាគភ្លោះ រហូតដល់រង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត មកមហាវិថីព្រះសុរាម្រឹត ឆ្ពោះមកមហាវិថីព្រះសីហនុ បត់ស្តាំមហាវិថីសម្តេចមុនីរ៉េត បត់ស្តាំចូលពហុកីឡដ្ឋាន ជាតិអូឡាំពិក។
ក្នុងនោះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីរត់ភ្លើងគប់ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរ តាមតម្រាយផ្លូវខាងលើជាបណ្តោះអាសន្ន៕