ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអ៊ែល កើនឡើងលើសពី៤៣.០០០នាក់

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន ដោយសារការវាយប្រហារ បន្តបន្ទាប់របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង លើសពី៤៣.០០០នាក់ ។

អាជ្ញាធរសុខាភិបាលបានឲ្យដឹងទៀតថា គិតក្នុងរយៈពេល៤៨ម៉ោង កន្លងមកនេះ យោធាអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សអស់ចំនួន៩៦នាក់ និងបង្កឲ្យរងរបួសចំនួន២៧៧នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើង ដល់៤៣.០២០និងអ្នករងរបួសបានកើនឡើងដល់១០១.១១០នាក់គិតចាប់តាំងពីជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ដែលបានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣ ។

សេចក្តីថ្លែងការណ៍បានដាក់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ ពួកគេបានឡើយ ។

កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួន បានបន្តវាយឆ្មក់ទៅលើគោលដៅ នៅតំបន់ហ្គាហ្សាកណ្តាល និងភាគខាងត្បូង ដោយបានសម្លាប់ ក្រុមសកម្ម ប្រយុទ្ធប្រដាប់អាវុធ និងរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេផងដែរ ។

នៅព្រឹកថ្ងៃដដែលនោះដែរ ក្រុមយោធា IDF បានអះអាងថា ខ្លួនបានចាប់ខ្លួនក្រុមសកម្ម ប្រយុទ្ធប្រហែល ១០០នាក់ក្នុងអំឡុងពេលប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top