តូក្យូ៖ រ៉េអាក់ទ័រនុយក្លេអ៊ែរនឹងដំណើរការឡើងវិញ នៅថ្ងៃអង្គារនេះជាលើកដំបូង នៅភាគឦសានប្រទេសជប៉ុន ដែលជាតំបន់រងផលប៉ះពាល់ ដោយការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១។
គម្រោងចាប់ផ្តើមឡើងវិញនៃអង្គភាពលេខ ២ របស់រោងចក្រថាមពលនុយក្លេអ៊ែរ Onagawa ក្នុងខេត្ត Miyagi ក៏កត់សម្គាល់ជាលើកដំបូងផងដែរ ដែលម៉ាស៊ីនរ៉េអាក់ទ័រទឹកឆ្អិន – ប្រភេទដូចគ្នាទៅនឹងរ៉េអាក់ទ័រ Fukushima Daiichi ដែលបានរងការរលាយឥន្ធនៈ ក្នុងអំឡុងពេលវិបត្តិនុយក្លេអ៊ែរ – ត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ ចាប់តាំងពីគ្រោះមហន្តរាយឆ្នាំ២០១១ ។
រ៉េអាក់ទ័រ Onagawa ដែលដំណើរការដោយក្រុមហ៊ុន Tohoku Electric Power Co. បានសម្អាតការត្រួតពិនិត្យសុវត្ថិភាពក្នុងខែកុម្ភៈ ឆ្នាំ២០២០ ក្រោមស្តង់ដារសុវត្ថិភាពក្រោយវិបត្តិហ្វូគូស៊ីម៉ា និងទទួលបានការយល់ព្រមពីមូលដ្ឋាន ដើម្បីបន្តប្រតិបត្តិការឡើងវិញ។
ក្រុមហ៊ុន Tohoku Electric Power បានចំណាយពេលជាងមួយទសវត្សរ៍ ដើម្បីបញ្ចប់ការងារសាងសង់ ដើម្បីបង្កើនសុវត្ថិភាពរបស់រោងចក្រ រួមទាំងការសាងសង់ជញ្ជាំងជំនោរកម្ពស់ ២៩ម៉ែត្រ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់នឹង ការរញ្ជួយដីរបស់អគាររ៉េអាក់ទ័រ។
ក្នុងអំឡុងពេលគ្រោះមហន្តរាយខែមីនា ឆ្នាំ២០១១ រ៉េអាក់ទ័រទាំងបីនៅរោងចក្រ Onagawa ដែលនៅជាប់ទីក្រុង Onagawa និងទីក្រុង Ishinomaki បានបិទដោយស្វ័យប្រវត្តិ។ រោងចក្រនុយក្លេអ៊ែរ ដែលមានទីតាំងនៅជិត ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិ ដែលមានកម្ពស់ប្រហែល ១៣ម៉ែត្រ៕
ប្រែសម្រួល ឈូក បូរ៉ា