KHARTOUM៖ កាលពីថ្ងៃអង្គារ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានឲ្យដឹងថា មនុស្សជាង១៤លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសស៊ូដង់ ។
លោកស្រី Amy Pope អគ្គនាយកអង្គការ IOM បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួននៃការផ្លាស់ទីលំនៅ (នៅខាងក្នុង) បានកើនឡើងដល់ ១១លាននាក់ហើយ ។ គឺជាកើនឡើង ២០០.០០០នាក់ចាប់តាំងពីខែកញ្ញា” ។
លោកស្រីបានលើកឡើងទៀតថា “មនុស្សចំនួន៣,១លាននាក់ផ្សេងទៀតបានធ្វើដំណើរឆ្លងកាត់ ព្រំដែនដើម្បីភៀសខ្លួនពីការប្រយុទ្ធគ្នា ។ សរុបមក ជិត៣០ភាគរយ នៃប្រជាជនស៊ូដង់ត្រូវបានផ្លាស់ទីលំនៅ” ។
លោកស្រី Pope បានពិពណ៌នាអំពីស្ថានភាព នៅក្នុងប្រទេសស៊ូដង់ថា ជា “មហន្តរាយ” ដោយបានកត់សម្គាល់ថា “ការរងទុក្ខកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ” ហើយលោកស្រីថា “មនុស្សស្ទើរតែ២៥លាននាក់ នាពេលឥឡូវនេះកំពុងត្រូវការជំនួយ” ។
ប្រធានអង្គការ IOM បានគូសបញ្ជាក់ពីការចំណាយ នៃវិបត្តិផ្លាស់ទីលំនៅនេះ ដោយអំពាវនាវឱ្យ “ដាក់កាំភ្លើងចុះនៅក្នុងប្រទេសស៊ូដង់” ។
ប្រទេសស៊ូដង់ ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះដ៏សាហាវ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា គិតចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ។ យោងតាមរបាយការណ៍ស្ថានភាព ដែលចេញផ្សាយដោយគម្រោង ទិន្នន័យជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍កាលពីថ្ងៃទី១៤ ខែតុលា ជម្លោះដ៏សាហាវនេះបានបណ្តាលឱ្យ ស្លាប់មនុស្សអស់ជាង ២៤.៨៥០នាក់ហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា