ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចូលរួមបរិច្ចាគប្រាក់ខែ ចំនួន៦ខែ គិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ (COVID-19) ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។
ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក (Fecebook) ផ្ទាល់ខ្លួន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២០ ថា “ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការនគរបាលខេត្តកណ្តាល សូមចូលរួមបរិច្ចាគប្រាក់ខែ ចំនួន៦ខែ គិតចាប់ពីខែ មេសា រហូតដល់ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល”។
ឧត្តមសេនីយ៍ត្រី បញ្ជាក់ថា “ខ្ញុំនឹងចាត់ចែងបង្វែរប្រាក់បៀវត្សរបស់ខ្ញុំ ដូចបានជម្រាបជូនខាងលើ បញ្ចូលទៅក្នុងគណនីរបស់ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ហេីយ ប្រាក់ខែរបស់សម្តេច ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ផងដែរ៕
ដោយ អេង ប៊ូឆេង