ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ច្បាស់ៗ ទៅកាន់ភាគីកូរ៉េ អំពីឆន្ទៈមុតមាំនិង ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។
ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សព្វផ្សាយ របស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថាពលរដ្ឋកូរ៉េ បានរងគ្រោះដោយការបង្ខាំង ធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។
នៅក្នុងជំនួបជាមួយតំណាងស្ថាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងវិស័យឯកជនទីផ្សារ ទេសចរណ៍កម្ពុជាកូរ៉េ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េ ដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះ ដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរ ពីសាធារណរដ្ឋកូរ៉េ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និង ដាក់ចេញនូវវិធានការ យ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធ ប្រឆាំង នឹងបទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ»។
លោកបន្ថែមថា សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយ ទៅប្រជាជន កូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជា ប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕