ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជំរុញការចុះឈ្មោះ ជនមានពិការភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ ថ្នាក់ក្រោមជាតិ សហការជំរុញបន្ថែម ដល់ ការចុះឈ្មោះជនមានពិការភាព ជាសមាជិក គ្រួសារ ក្នុងបណ្ណសមធម៌ ដែលមិនទាន់ចុះ ឈ្មោះចូល «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»។

តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា កម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានចាប់អនុវត្តជាផ្លូវការ នៅខែមេសា ឆ្នាំ២០២៤ ដែលគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកទទួលផល ដែលជាជនមានពិការភាព បានចុះឈ្មោះ ចូលកម្មវិធីសរុបចំនួន ២៣.៧៦២នាក់ ដែលទិន្នន័យនេះ ធៀបនឹងទិន្នន័យជាក់ស្តែង សម្រាប់ជនមានពិការភាព ដែលជាសមាជិកក្នុងគ្រួសារ មានបណ្ណសមធម៌នៅមានចំនួនទាបនៅឡើយ។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «ហេតុនេះ ក្រសួងមហាផ្ទៃស្នើ អភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យសហការ ជាមួយមូលនិធិជាតិជំនួយសង្គម ដែលនឹងផ្តល់បញ្ជីឈ្មោះ ជនមានពិការភាព តាមរយៈសាខាមូលនិធិជាតិ ជំនួយសង្គមរាជធានី ខេត្ត ទៅរដ្ឋបាលឃុំ សង្កាត់ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបណ្ណសមធម៌ ដែលមានសមាជិក ជាជនមានពិការភាព ក្នុងការចុះឈ្មោះចូលកម្មវិធី ជាតិជំនួយសង្គមក្នុងកញ្ចប់ គ្រួសារឱ្យបាន គ្រប់ៗគ្នា ចៀសវាងនូវការបាត់បង់ អត្ថប្រយោជន៍ របស់អ្នកទទួលផលពីកម្មវិធីនេះ»៕

To Top