ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានសំណេះសំណាល ប្រគល់ ភារកិច្ច ឧបត្ថម្ភប្រេងឥន្ធនៈ ស្បៀងអាហារ និងភេសជ្ជៈមួយចំនួន ជូនដល់កងកម្លាំងចម្រុះប្រចាំការ ការពារទប់ស្កាត់ និងបង្រាបបទល្មើស ធនធានធម្មជាតិ នៅទីបញ្ជាការស្រាលទាំង៦ នៅតំបន់វាលក្រោម ជាប់មាត់បឹង ទន្លេសាប ក្នុងភូមិសាស្ត្រស្រុក ស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកតាំងគោក និងក្រុងស្ទឹងសែន ដែលពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធាន គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេច និង ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខ ចំពោះបងប្អូន ដែលកំពុងបំពេញបេសកកម្ម ដើម្បីបុព្វហេតុ ការពារធនធាន ធម្មជាតិ និងបានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញ ភារកិច្ចទទួលបាន ជោគជ័យក្នុងរយៈពេល៦ខែ កន្លងទៅនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួន ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ច ការពារទប់ស្កាត់និងបង្រាបបទល្មើស ធនធានធម្មជាតិ មិនត្រូវឲ្យមានការកេីតឡេីងជាថ្មីទៀតនូវកាប់ទន្ទ្រានដីព្រៃលិចទឹក បានជាដាច់ខាត ។ ក្នុងករណីរកឃើញជនណាម្នាក់កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ត្រូវចាប់ឃាត់ខ្លួន និងវត្ថុតាងជាបន្ទាន់ ដើម្បីប្រគល់ជូនសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ជាធរមាន ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ ប្រេងឥន្ធនៈចំនួន ៦០០ លីត្រ អង្ករចំនួន ៣០០គីឡូក្រាម និងភេសជ្ជៈមួយចំនួន ដែលជាជំនួយ ឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ នៅទីបញ្ជាការស្រាលទាំង៦ ដើម្បីបន្តបំពេញភារកិច្ច ដោយគ្មានដកថយឡើយ៕
ដោយសំនៀង