ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ណែនាំពន្លឿន ការយស្ថាបនា ​កំណាត់ផ្លូវបេតុង​ អមប្រឡាយស្ទឹងមានជ័យ

ភ្នំពេញ ៖ កំណាត់ផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ បន្ទាប់ពីបានបាក់ស្រុត កាលពីជាង១ខែមុន ត្រូវបានជួសជុសស្ថាបនាឡើងវិញ បានមួយចំនួនហើយ ក្នុងនោះដើម្បីឱ្យការជួសជុសឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេស​ លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារ ស្ថាបនាកំណាត់ផ្លូវនេះ ធ្វើឱ្យបានលឿន ជាមួយនិងការអនុវត្តការងារ​ ទៅតាមស្តង់ដាបច្ចេកទេស ។

ការណែនាំរបស់លោក ឃួង ស្រេង ទៅកាន់ក្រុមការងារស្ថាបនាខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញចុះពិនិត្យមើលការដ្ឋានផ្ទាល់ ដើម្បីពន្លឿនការជួសជុល នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំអោយក្រុមការងារ យកចិត្តទុកដាក់អនុវត្តការងារនេះអោយបានល្អ ដោយឱ្យកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់ មិនត្រូវឱ្យមាន បញ្ហាបាក់បន្តទៀតទេ ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ស្រុតច្រាំងប្រឡាយដែរ ដូច្នេះលោកក៏បានណែនាំ ដល់ក្រុមការងារបន្តជីកាយយកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំអោយបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ ចាំចាក់ផ្លូវបេតុងឱ្យដូចមុន ដើម្បីសម្រួល ដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។

យោងតាមលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារ ជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញ យ៉ាងយកចិត្តទុកដាក់ ដោយយើងបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះ ខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះបានជីកយកដីស្អុយចេញអស់ រហូតដល់ស្រទាប់ដីរឹង។

គួរបញ្ជាក់ថា កំណាត់ផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី២៣កញ្ញាកន្លងមកនេះ ក្រោយហេតុការណ៍នេះកើតឡើង លោក ឃួង ស្រេង ក៏បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹចុះពិនិត្យមើលស្ថានភាព ស្របពេលដែល លោក ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទស្សនកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ ​(កម្ពុជា-វៀតណាម) ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ៕

To Top