ព័ត៌មានជាតិ

នគរបាលជាតិ ចាត់ទុកការចូលរួម របស់ភ្នាក់ងារសន្ដិសុខ ឯកជន ជារឿងសំខាន់ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង នគរបាលជាតិ បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន ជាមួយកម្លាំងសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជារឿងសំខាន់ ចាំបាច់មិនអាចខ្វះបានឡើយ។

ក្នុងឱកាសអញ្ជើញជាតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន លើកទី៦៦ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដលើកិច្ចការងារសហការ ជាមួយកម្លាំងសមត្ថកិច្ច ឲ្យបានល្អប្រសើរបន្ថែមទៀត។

ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវ ដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួន ដើម្បីសហការជាមួយកម្លាំង សមត្ថកិច្ច ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នៅពេលខាងមុខនេះ ។

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបន្ថែមទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដបង្កើតកិច្ចសហការ ជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅ ក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ឯក បន្តថា វគ្គបំប៉នជំនាញនាពេលនេះក្នុងគោលបំណងឲ្យភ្នាក់ងារសន្តិសុខឯកជន មានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ស្របតាមអនុក្រឹត្យ លេខ២៨៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំ លេខ០៣៣ សណន របស់ក្រសួងមហាផ្ទៃ តម្រូវឲ្យភ្នាក់ងារសន្តិសុខឯកជន ទទួលការបណ្ដុះបណ្ដាលជាចាំបាច់។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះការបើក វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខ ឯកជន សរុប៦៦លើក ដែលមានសិក្ខាកាមជាភ្នាក់ងារ សន្តិសុខឯកជន ចំនួន១១,១៥៨នាក់ (ស្រី២៤១នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៦៣នាក់ (ស្រី២៥នាក់) ។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ដថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ៕

To Top