ភ្នំពេញ ៖អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា យុវជនកូរ៉ខាងត្បូងមួយរូប ឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញ ពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូល សាជាថ្មីម្តងទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌល ប្រចាំបញ្ហាអគ្គស្នងការដ្ឋាន នគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉ ខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវ បានបង្ខាំងនៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើ តាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញ កំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។
តាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបាន ប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារ នៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរ ពេញលេញជាធម្មតា ។ ចំពោះមូលហេតុដែលនាំអោយគ្រួសារ ស្នើសុំអន្តរាគមន៍មក មជ្ឈមណ្ឌលប្រចាំបញ្ជា របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ គឺមកពីរូបគេ មិនបានទំនាក់ ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេល ស្នាក់នៅនិងធ្វើការ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹងផងដែរ។
ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះពុំមានសញ្ញាណនៃការបង្ខាំង មនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួន បានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដើម្បី ស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំង មិនសហការជាមួយសមត្ថកិច្ចក្នុង ការផ្តល់ព័ត៌មានលម្អិតអំពីដំណើរ មកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពី ទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតអោយមានសំណើសុំអន្តរាគមន៍ពីសំណាក់ គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កអោយមានការភ័ន្តច្រឡំពី មតិសាធារណជនជាតិ និងអន្តរជាតិ៕