ព័ត៌មានជាតិ

កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសាទរចំពោះការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថានដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងកាលានុវត្តភាពធុរកិច្ចសម្រាប់ប្រទេសទាំងពីរ។

ភាគីទាំងពីរ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ក្នុងការជំរុញក្របខណ្ឌកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលជាវេទិកាយុទ្ធសាស្ត្រមួយបង្កើតឡើងសម្រាប់ជំរុញកិច្ចសន្ទនាជាបន្តបន្ទាប់ និងបើកចំហ ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។

ភាគីទាំងពីរ ក៏មានបំណងស្វែងរកសក្តានុពលថ្មី សម្រាប់វិស័យពាណិជ្ជកម្ម ជាពិសេសវិស័យកសិកម្ម។

ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងក្របខណ្ឌអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)៕

To Top