ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចេញផ្សាយរបាយការណ៍ ស្តីពីអាកាសធាតុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ នៅក្នុងសប្តាហ៍នេះ ដោយបង្ហាញថា កម្ពុជាគឺជាសមាជិកអាស៊ានដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅ អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ។
ក្នុងរបាយការណ៍ ADB បានសង្កត់ធ្ងន់ថា កម្ពុជាដាក់ផែនការពេញលេញ និងច្បាស់លាស់លើវិធានការ សម្រាប់កាត់ បន្ថយការ បំភាយឧស្ម័ន ផ្ទះកញ្ចក់ ដែលគ្របដណ្តប់ ដោយគោលដៅទាំងអស់ , វិធានការរំពឹងទុក នៃការកាត់បន្ថយការ បំភាយបំភាយខស្ម័នផ្ទះកញ្ចក់ ក្នុងរយៈពេលជាក់លាក់មួយ , វិសាលភាពនៃការអនុវត្តវិធានការ និងកាលវិភាគសម្រាប់ការ ត្រួតពិនិត្យជាប្រចាំ ។
ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យាថ្លែងថា កម្ពុជាទទួលបានជោគជ័យ សម្រេចបានសមិទ្ធផល ទាំងអស់នេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាបានកំណត់ គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងបច្ចុប្បន្នភាពផែនការជាតិ ស្តីពីការចូលរួមចំណែក ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ ។
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន សេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹង បំណងប្រាថ្នារបស់ ប្រជាជន ឈានឆ្ពោះ ទៅសម្រេច បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព៕