ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ប្រទេសប៉ូឡូញចេញមកពន្យល់អំពីមូលហេតុ ដែលបដិសេធមិនផ្តល់យន្តហោះចម្បាំងចាស់ៗដល់អ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ លោក Pawel Wronski បាននិយាយថា ប្រទេសប៉ូឡូញ នឹងមិនប្រគល់យន្តហោះចម្បាំង MiG-29 សម័យសូវៀត ដែលនៅសេសសល់របស់ខ្លួន ទៅឱ្យអ៊ុយក្រែនទេ មុនពេលទទួលបានយន្តហោះថ្មី ដើម្បីជំនួសពួកគេ។

ការថ្លែងការណ៍បែបនេះធ្វើឡើងនៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Ukrinform កាលពីថ្ងៃព្រហស្បតិ៍ ហើយមន្ត្រីកំពូលរូបនេះបានអះអាងថា ប្រទេសប៉ូឡូញខ្លួនឯងបាននឹងកំពុងប្រឈមមុខនឹង ការគំរាមកំហែងជាក់លាក់ ហើយត្រូវការកសាងកងកម្លាំងយន្តហោះ MiG-29 របស់ខ្លួនបន្ថែមទៀតសម្រាប់ការការពារ។

លោកអ្នកនាំពាក្យបានថ្លែងទៀតថា៖ចុះប្រសិនបើមានអ្វីមួយវាយប្រហារសំដៅទៅប្រទេសប៉ូឡូញ យើងដាច់ខាតត្រូវតែមានមធ្យោបាយដើម្បីស្ទាក់ចាប់វា។ បច្ចុប្បន្ន ប៉ូឡូញ មានយន្តហោះចម្បាំង F-16 ចំនួន ៤៨គ្រឿង ហើយបានបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៣២គ្រឿងបន្ថែមទៀត។ សម្រាប់ពេលនេះ ប្រទេសប៉ូឡូញមានតែយន្តហោះ F-16 ប៉ុន្មានគ្រឿងប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់ដើម្បីធានាបាននូវការគ្រប់គ្រងអាកាសទាំងស្រុងនោះឡើយ។

លោកWronski ក៏បានចង្អុលបង្ហាញដែរថា ប្រទេសប៉ូឡូញបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនរួចហើយនូវរថពាសដែក ប្រព័ន្ធកាំភ្លើងធំ ក្នុងចំនួនអតិបរមា នៃយន្តហោះចម្បាំង MiG-29 និងគ្រឿងបន្លាស់សម្រាប់យន្តហោះប្រភេទនេះទៀតផង។

ខណៈពេលដែលទីក្រុង Warsaw គឺជាអ្នកគាំទ្រកំពូលមួយរបស់អ៊ុយក្រែន ក្នុងអំឡុងពេលនៃជម្លោះជាមួយរុស្ស៊ី ទីក្រុងគៀវបានបន្តធ្វើការទាមទារអាវុធឥតឈប់ឈរហើយថែមទាំងបានជំរុញប៉ូឡូញឱ្យចូលទៅក្នុងអរិភាពដោយផ្ទាល់ដោយការស្ទាក់ចាប់គ្រាប់មីស៊ីលដែលចូលមកក្នុងដែនអាកាសអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top