ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការផ្តល់លិខិតឆ្លងដែន ឲ្យពលរដ្ឋខ្មែរ នៅកូរ៉េបិទបញ្ចប់ ខណៈបានផ្តល់ជូន ពួកគាត់ជិត៥ពាន់នាក់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបិទបញ្ចប់ដំណើរការ ហើយ ដោយបានបើកលិខិតឆ្លងដែនជូនពួកគាត់ចំនួន ៤.៩៧១នាក់។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកពាក់ព័ន្អនានា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួល ការផ្តល់សេវាលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ រហូតឈានសម្រេចបាន នូវការបិទបញ្ចប់ដំណើរការ នៃការផ្តល់សេវា ដោយជោគជ័យគួរជាទីមោទក។

សម្ដេចធិបតីបន្ដថា គិតចាប់តាំងពីពេលបើកដំណើរការ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែន សរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់ ។

ជាមួយគ្នានេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយសាទរ ចំពោះទំនុកចិត្ត និងភាពកក់ក្តៅ របស់ប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួល សេវាផ្តល់លិខិតឆ្លងដែននេះ៕

To Top