ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យនិងមានសារៈសំខាន់លើស្មារតី សម្រាប់ប្រជាជនកម្ពុជា។
នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហោះនូវរូបថតនៃកម្មពិធីក្រុងពលីនិងសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដោយភ្ជាប់នូវខ្លឹមសារថា «ការប្រារព្ធពិធីបុណ្យកឋិន មានសារៈសំខាន់លើស្មារតី និងអត្ថន័យលើវប្បធម៌សម្រាប់ប្រជាជនកម្ពុជា សូមអនុមោទនាបុណ្យ និងសូមជូនពរមិត្តភក្តិកម្ពុជា ជោគជ័យគ្រប់ភារកិច្ច»។
សូមរំលឹកថា កាលពីថ្ងៃទី២កន្លងទៅៗថ្មីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហោះនូវវីដេអូបទចម្រៀង «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដោយភ្ជាប់ខ្លឹមសារថា “ការប្រារព្ធពិធីបុណ្យកឋិនទានដ៏អស្ចារ្យ! សូមអនុមោទនាបុណ្យកឋិនទាន!”។
អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែរអង្គកឋិនចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
គួរំលឹកផងដែរថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន ទីអា រាម រហូត ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕