ព័ត៌មានជាតិ

បុណ្យសមុទ្រឆ្នាំនេះ នឹងរៀបចំធ្វើឡើង នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ

ភ្នំពេញ ៖ ដើម្បីចូលរួមរៀបចំពិធីបុណ្យសមុទ្រ សម្រាប់ឆ្នាំ២០២៤ ប្រកបដោយបរិយាកាស សប្បាយរីករាយ ឱឡារិក អធិកអធម រដ្ឋបាលខេត្តកំពត បានចេញសេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំអបអរសាទរ ពិធីបុណ្យសមុទ្រ លើកទី១១ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ ជូនដំណឹងឲ្យបានផុសជុលជូនដល់ប្រជាពលរដ្ឋ សាធារណៈជន គ្រប់មូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមន្ត្រី ក្រោមឱវាទ អំពីកម្មវិធីបុណ្យសមុទ្រលើកទី១១ ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ខាងមុខនេះ។

រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃគណៈបញ្ជាការឯកភាព ខេត្ត រដ្ឋបាលឃុំ-សង្កាត់ ក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគម វត្តអារាម ព្រះវិហារសាសនា ស្នាក់ការថ្វាយបង្គំ ម៉ាស្អិត ស៊ូរ៉ាវ សេវាកម្មទេសចរណ៍គ្រប់ប្រភេទ អាជីវករ និងវិស័យឯកជន ដែលប្រតិបត្តិការក្នុងខេត្ត ទាំងអស់ ត្រូវតុបតែងអគ្គិសនីលម្អតាមរបងអង្គភាពខ្លួន លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យ ស្លោក និងបំផុសប្រជាពលរដ្ឋឲ្យលើកទង់ជាតិគ្រប់គេហដ្ឋាន(ពិសេសប្រជាពលរដ្ឋក្នុងក្រុងកំពត ដោយតម្រឹមជា ជួរ និងឯកភាពគ្នា នៃប្រវែងដងទង់ជាតិ) ឲ្យបានរួចរាល់មុនថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤៕

To Top