ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា យោងលើស្ថានភាពទឹកភ្លៀង ចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០២៤ នេះចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន។
ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្តាល ឱ្យលិចលង់នៅតាមកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៤១ ដល់ គីឡូម៉ែត្រ៤៣ (ផ្សារត្រាំខ្លា) ស្ថិតក្នុង ស្រុកគងពិសី និងចន្លោះ គីឡូម៉ែត្រ ៥៣ ដល់ គីឡូម៉ែត្រ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។
ដើម្បីបង្ការ គ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ បានធ្វើការផ្អាក ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើ កំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៤១ ដល់ គីឡូម៉ែត្រ៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និង ចន្លោះ គីឡូម៉ែត្រ ៥៣ ដល់ គីឡូម៉ែត្រ ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានណែនាំប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានី ភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាម ផ្លូវជាតិលេខ២ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្ដោះអាសន្នសិន។
មន្ទីរសាធារណការ ជឿជាក់យ៉ាងមុតមាំចំពោះការចូលរួម សហការ អនុវត្តរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ ថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕