ព័ត៌មានជាតិ

២សប្តាហ៍កន្លងមកនេះ សមត្ថកិច្ចបង្ក្រាប ករណីល្បែង ស៊ីសងបាន ១៩ករណី

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល២សប្តាហ៍មកនេះ គិតចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីល្បែងស៊ីសង នៅទូទាំងប្រទេស មានការកើនឡើង បន្តិចបន្តួចប៉ុណ្ណោះ ពោលគឺមាន១៩ករណី បើធៀបនឹង២សប្តាហ៍កន្លងមកដែលមាន ១០ករណី។

ទោះបីមានការកើនឡើង៩ករណី ប៉ុន្តែបើតាមបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ចំនួននេះបន្តស្ថិតក្នុងអត្រាតិចតួច ខណៈមូលដ្ឋានកើតមានករណីនេះ រួមមាន ខេត្តកំពង់ធំ បាត់ដំបង ក្រចេះ ត្បូងឃ្មុំ កំពត កណ្តាល សៀមរាប និងរាជធានីភ្នំពេញ ដោយអាជ្ញាធរបានអនុវត្តទាំងវិធានការអប់រំ ណែនាំ ធ្វើកិច្ចបញ្ឈប់ និងបញ្ជូនទៅតុលាការ។

អ្នកនាំពាក្យរង រូបនេះបន្ថែមថា «លទ្ធផលនេះបង្ហាញច្បាស់ថា អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ពិតជាសកម្មក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ហើយប្រជាពលរដ្ឋចូលចិត្តលេង ល្បែងស៊ីសងក៏មានការយល់ដឹងច្រើន ខ្លះក៏មានការខ្លាចរអាវិធានការសមត្ថកិច្ច ស្របពេលពលរដ្ឋនៅមូលដ្ឋាន រួមទាំងអ្នកសារព័ត៌មាន ក៏ចូលរួមផ្ដល់ដំណឹង និងរាយការណ៍មកសមត្ថកិច្ច»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយក្នុងចំណុចទី២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណសម្បត្តិ នៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុស ចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ ៕

To Top