ព័ត៌មានអន្តរជាតិ

តម្រូវការមាស របស់វៀតណាម ធ្លាក់ចុះនៅក្នុងត្រីមាសទី៣

AFP

ហាណូយ ៖ តម្រូវការមាសនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ខណៈដែលតម្លៃកើនឡើងយ៉ាងខ្លាំង បានរារាំងការទិញថ្មីមាស នេះបើយោងតាមរបាយការណ៍ ស្រាវជ្រាវអំពីនិន្នាការតម្រូវការមាសនៅត្រីមាសទី៣ ដែលថ្មីៗនេះត្រូវបានបោះពុម្ព ដោយក្រុមប្រឹក្សាមាសពិភពលោក។

របាយការណ៍​នេះ ​បាន​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ថា តម្រូវការ​គ្រឿងអលង្ការ​នៅ​ប្រទេស​វៀតណាម​មាន​ចំនួន ២,៦ តោន ធ្លាក់​ចុះ ១៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​តម្រូវ​ការ​កាក់​បាន​ធ្លាក់​ចុះ ៣៣ ភាគរយ​មក​នៅ ៧,៩ តោន។

នៅក្នុងប្រទេសវៀតណាម ការធ្លាក់ថ្លៃរូបិយប័ណ្ណ បានធ្វើឱ្យតម្លៃមាសអន្តរជាតិកើនឡើងខ្លាំងជាងមុន ដោយជួយពន្យល់ពីការធ្លាក់ចុះ នៃតម្រូវការកាន់តែច្រើន នេះបើយោង តាមក្រុមប្រឹក្សាមាសពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តម្លៃមាសត្រូវបានលក់ដោយក្រុមហ៊ុន Saigon Jewelry Company ក្នុងតម្លៃ ៨៧លានដុង (៣,៤៤១ ដុល្លារ) សម្រាប់អ្នកលក់ និង ៨៨,៥ លានដុង (៣,៥០០ដុល្លារ) សម្រាប់អ្នកទិញកាលពីថ្ងៃចន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top