ភ្នំពេញ ៖ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាព ចំពោះការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធ (Borobudur) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ កញ្ចប់ទស្សនកិច្ច ( Tour package cooperation) ខណៈគោលដៅទាំងពីរ សុទ្ធជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញផ្នែកវប្បធម៌ពោរពេញទៅដោយអច្ឆរិយភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក។
ក្នុងឯកភាពនេះធ្វើឡើង នៅក្នុងជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី កម្ពុជា-ឥណ្ឌូនេស៊ី ក្នុងទិសដៅផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍ដែលជាប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ និងផ្សព្វផ្សាយអំពីលំហូរទេសចរ រវាងប្រទេសទាំងពីរ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មទេសចរណ៍ រវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោក ហួត ហាក់ បានស្នើលោកឯកអគ្គរដ្ឋទូត ជួយសម្របសម្រួល បង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism) រវាងក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍កម្ពុជា និងអង្គភាព Muslim Friendly Tourism របស់ឥណ្ឌូនេស៊ី និងស្នើជំរុញ ឱ្យមានជើងហោះហើរត្រង់ បន្ថែមទៀត ជាពិសេសការហោះហើរ ទៅកាន់តំបន់សក្តានុពល ទេសចរណ៍ នៃប្រទេសទាំងពីរ និងការផ្សព្វផ្សាយ ទេសចរណ៍រួមគ្នា ឱ្យបានទូលំទូលាយ ព្រមទាំងស្នើភាគីឥណ្ឌូនេស៊ី ពិភាក្សាជាមួយក្រុមការងារ បច្ចេកទេស រៀបចំកិច្ចប្រជុំក្រុមការងារ រួមលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ឥណ្ឌូនេស៊ី (the 1st Cambodia-Indonesia Tourism Working Group Meeting) ស្របតាមស្មារតី នៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដើម្បីអនុវត្តនូវចំណុចឯកភាព ខាងលើឱ្យលេច ចេញជារូបរាង ៕