ព័ត៌មានជាតិ

កន្លះខែនេះ មន្រ្តីចុះផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៦ពាន់លើក ពលរដ្ឋចូលរួមជាង ៤០ម៉ឺននាក់ទៀត

ភ្នំពេញ ៖ រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត បានចំនួន ៦,៨៩៥លើក ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៤០៤,៦៦៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរង បានបន្ថែមថា ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានអនុវត្តយ៉ាងសកម្មបំផុតមិនថា នៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានានោះទេ ពោលគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានចូលរួមយល់ដឹងជ្រួតជ្រាប និងរួមសហការរាយការណ៍ ជាមួយអាជ្ញាធរ ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ក្នុងន័យរួមគ្នារក្សាសុខសុវត្ថិភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា ឆ្លងកាត់បទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ ក្រសួងមហាផ្ទៃដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការ ណែនាំស្តីពីការចាត់តាំង អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទ នៃការអភិវឌ្ឍរីកចម្រើន របស់សង្គមជាតិ៕

To Top