ព័ត៌មានជាតិ

សិស្សប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស “A” ២៧នាក់ ក្នុងក្រុងកំពង់ចាម ទទួលបានរង្វាន់លើកទឹកចិត្តពី លោកអភិបាលខេត្ត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញ សំណេះសំណាល និងផ្តល់រង្វាន់ ដល់សិស្សានុសិស្ស ២៧ នាក់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិទទួលបាននិទ្ទេស “A” ក្នុងក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានយកឱកាសនោះអបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ក្មួយៗ រហូតបានទទួលជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ដែលទូទាំងខេត្តកំពង់ចាម សិស្សដែលប្រឡងជាប់និទ្ទេស A រហូតដល់ទៅ ១១៥ រូប ក្នុងនេះ ក្រុងកំពង់ចាមមាន ២៧ រូប នៃចំនួនបេក្ខជនប្រឡងជាង ៨,០០០ នាក់ និងប្រលងជាប់បានជាង ៦,០០០ នាក់ ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលជាប់និទ្ទេស A ចំនួន ២៧រូប ក្នុងក្រុងកំពង់ចាម ដោយម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកា ១លានរៀល ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ផងដែរថា ចំពោះសិស្ស ដែលប្រឡងជាប់ ទទួលបានជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជំនះកម្រិត ទី១ ដូច្នេះ ជំហានបន្ទាប់គឺ ជាភាពជោគជ័យនៃជីវិតទី២ គឺការសិក្សាបញ្ចប់នៅកម្រិតឧត្ដមសិក្សា ដែលអាចទទួលបាននូវជំនាញ ហើយបន្តយកជ័យជំនះទី ៣ គឺការបញ្ចប់ការសិក្សា រួចហើយមានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ចំណូលខ្ពស់ បន្ទាប់មកទើបរៀបចំគ្រួសារមួយឲ្យបានល្អ សាងសុភមង្គលក្នុងជីវិតរបស់ខ្លួនឲ្យបានល្អប្រសើរផងដែរ៕

To Top