ព័ត៌មានជាតិ

អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍ កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិន ទៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈលោកអភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍ កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិន ទៅកម្ពុជាបន្ថែមទៀត។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតបែបនេះ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប លោកអភិបាលខេត្តយូណាន បានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួប សម្ដេចបវរធិបតី ម្ដងទៀត បន្ទាប់ពី លោក បានជួបជាមួយ សម្ដេចបវរធិបតី ក្នុងឱកាស នៃពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរព ជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។

លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបឯកឧត្តមអភិបាលខេត្ត ម្ដងទៀត។ សម្ដេចបវរធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់ សេដ្ឋកិច្ចរបស់ប្រទេសចិន។

សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ រវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

សម្តេចបវរធិបតី និងលោកអភិបាលខេត្ត បានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម។

លោកអភិបាលខេត្ត បានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប៕

To Top