កីឡា

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមការប្រកួត ប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ “Khmer Fight” សង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ នាយប់នេះ

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអ្នកតំណាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានអញ្ជើញចូលរួមការប្រកួត ប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺ នឹងធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ ។

ការប្រកួត KhmerFight យប់ថ្ងៃទី៣ វិច្ឆិកា អ្នកប្រដាល់ជើងខ្លាំង កម្ពុជា រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ជួបអ្នកប្រដាល់បារាំង Abdel Karim Benalla ក្នុងទម្ងន់ ៧១គីឡូក្រាម អ្នកប្រដាល់ ព្រំ សំណាង ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រកួតជាអ្នកប្រដាល់ ថៃឆាន់ឆៃ គាតថាវ៉ន ដោយជួបក្នុងទម្ងន់៧៦គីឡូក្រាម និងអ្នកប្រដាល់ វង្ស ណយ ក្លិបកុលបុត្រគុនខ្មែរ ប្រកួតអ្នកប្រដាល់អ៊ីរ៉ង់ ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

ចំណែកអ្នកប្រដាល់ ម៉ឺន សុភា សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិប៉ះ អ្នកប្រដាល់មកពីអ៊ីរ៉ង់ Abdollah Anizh ក្នុងទម្ងន់៧១គីឡូក្រាម អ្នកប្រដាល់ ចាន់ សំអាត ក្លិបមីស្ទឺលីគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ថៃ Satranpop Sor.Bangkru ក្នុងទម្ងន់៦០គីឡូក្រាម និងអ្នកប្រដាល់បាង កាយ៉ាក សមាគមកីឡាប្រដាល់ ក្រសួងកសិកម្មជួបប្រកួត ជាមួយអ្នកប្រដាល់អាល់ហ្សេរី (Algeria) Liamine Benkerrou ក្នុងទម្ងន់៦០ គីឡូក្រាម៕ ដោយ៖លី ភីលីព

To Top