ព័ត៌មានជាតិ

ផលិតផលគុណភាពខ្ពស់ របស់កម្ពុជាជាង ១០០មុខ ដាក់តាំងបង្ហាញ ក្នុងពិព័រណ៍កម្រិត អន្តរជាតិ នៅទីក្រុងសៀងហៃ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកផលិតផល ដែលមានគុណភាពខ្ពស់ របស់កម្ពុជាជាង ១០០មុខ ចូលរួមដាក់តាំងបង្ហាញ ក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ ប្រទេសចិន។

ផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ជាង ១០០មុខ នោះ រួមមាន ៖ អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ជាដើម ដើម្បីចូលរួមដាក់តាំងបង្ហាញ ក្នុងព្រិត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ការនាំយកផលិតផលកម្ពុជា ទៅចូលរួមដាក់តាំងបង្ហាញ ក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធ ពន្លាជាតិកម្ពុជា ក្រោមអធិបតីភាព លោក ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចូលរួមសរុបចំនួន ១៦០ប្រទេស។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិកម្ពុជា ទំហំ ១៣២ ម៉ែត្រក្រឡា តាមរចនាបទកម្ពុជា ក្នុងយុគសម័យទំនើប ដោយផ្អែកលើគោលគំនិតរចនា “នវានុវត្តន៍ឆ្ពោះទៅរកអនាគត, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ”។ ពន្លាជាតិកម្ពុជា បានតម្លើងយ៉ាងប្រណីត ដោយបែងចែកជា ៤តំបន់ រួមមាន៖

១. តំបន់តាំងបង្ហាញផលិតផលគុណភាពខ្ពស់កម្ពុជា៖ សម្រាប់ដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអណាម័យទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិ ជាង ១០០មុខ។

២. តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយស្ថានភាព និងសក្តាលនុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍ របស់កម្ពុជា។

៣. តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។

៤. តំបន់ផ្តល់ព័ត៌មាន និងភ្លក់រសជាតិ៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម និងភ្លក់រសជាតិ គ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី មីជាតិ និងបាយអង្ករសែនក្រអូប។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្របសម្រួលក្រុមហ៊ុនចំនួន១១ ដើម្បីចូលរួមដាក់តាំងបង្ហាញ ផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ៕

To Top