ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី នៅតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកកម្ពុជា ជាដៃគូសំខាន់ ក្នុងវិស័យការពារជាតិ

ភ្នំពេញ៖ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ចាស់) បានគូសបញ្ជាក់ថា ថ្វីត្បិតតែបច្ចុប្បន្ន លោក ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ បានក្លាយជាប្រធានាធិបតីថ្មី របស់ឥណ្ឌូនេស៊ី ប៉ុន្តែលោកនៅតែមានការ យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជា ជាដៃគូសំខាន់ ក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យតំបន់ អាស៊ានស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេស លើសកលលោក។

ការបញ្ជាក់វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់បែបនេះ ធ្វើឡើងក្នុងឱកាសលោក និងវរសេនីយ៍ឯក អាហ្វុង បូឌី អាស្មារ៉ា នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ថ្មី) ប្រចាំកម្ពុជា ចូលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ ។

ក្នុងជំនួបនោះ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ និងវរសេនីយ៍ឯក អាហ្វុង បូឌី អាស្មារ៉ា បានប្ដេជ្ញាចិត្តបន្តកិច្ច សហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដែលមានរយៈកាលជាង៦៥ឆ្នាំកន្លងមកនេះ និងបានថ្លែងអំណរ គុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងចុងទសវត្សន៍៨០ និងដើមទសវត្សន៍៩០ ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ព្រមទាំងការគាំទ្រកម្ពុជា ក្លាយជាសមាជិកអាស៊ាន នាឆ្នាំ១៩៩៩។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ (និយាយជារួម) និយាយដោយឡែក ចំពោះសមិទ្ធផលការងាររបស់ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ ដែលបានខិតខំយ៉ាងខ្លាំង ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងលើកកម្ពស់កិច្ច សហប្រតិបត្តិការយោធាកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ជាមួយនោះ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណ កងទ័ពឥណ្ឌូនេស៊ី ដែលតែងបានផ្តល់ការគាំទ្រ ដល់កងយោធ ពលខេមរភូមិន្ទទាំងសម្ភារៈ និងធនធាន ជាពិសេសការ ចូលរួមបណ្តុះបណ្តាល ធនធានមនុស្ស តាមរយៈការទទួល យកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី លើវគ្គជំនាញបច្ចេកទេសពិសេសៗ ហើយថែមទាំងបានបញ្ជូន យោធាចារ្យមកបង្ហាត់បង្រៀនដល់នៅបញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានអង្គរក្ស ជារៀងរាល់ឆ្នាំទៀតផង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តល់នូវការជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ដោយ នាយឧត្តមសេនីយ៍ បានសំណូមពរកងទ័ពឥណ្ឌូ នេស៊ីជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការ មនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រភេទទ័ព និងការធ្វើលំហាត់ សមយុទ្ធយោធារួមគ្នា។

ជាកិច្ចឆ្លើយតប វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានគូសបញ្ជាក់ថា «ថ្វីត្បិតតែបច្ចុប្បន្នលោក ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ បានក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី ប៉ុន្តែឯកឧត្តម នៅតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យ តំបន់អាស៊ានស្មើមុខ ស្មើមាត់ជាមួយប ណ្តាប្រទេស លើសកលលោក» ។

វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយ រាជរដ្ឋាភិបាលអាណត្តិថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត មានការប្តេជាចិត្តខ្ពស់ ក្នុងការពូនជ្រុំ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឥណ្ឌូនេស៊ី-កម្ពុជា ឱ្យមានការរីកចម្រើន ហើយសម្រាប់អនុព័ន្ធយោធា ឥណ្ឌូនេស៊ី ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹង កិច្ចសហប្រតិបត្តិការ រវាងកងទ័ព ប្រទេសទាំងពីរឲ្យ រីកចម្រើនផងដែរ ៕

To Top