ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូធ្វើដំណើរ ទៅកាន់រដ្ឋហាវ៉ៃ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៧-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពជើងគោក នាថ្ងៃទី៦ វិច្ឆិកានេះ បានឲ្យដឹងថា ការដឹកនាំប្រតិភូធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិកនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក។

ក្នុងឱកាសចូលរួមពិធីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបជាមួយនាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ដែលនឹងទទួលតំណែងបន្តពី នាយឧត្តមសេនីយ៍ CHARLES A. FLYNN ដើម្បីបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ស្របតាមលទ្ធផលទស្សនកិច្ចរបស់ លោក LLOYD JAMES AUSTIN រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ៕

To Top