ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់

រូបភាព៖​ ដេីមអម្ពិល​ | ម៉ៅ​ ដារាត់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយស នៃអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើ អោយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកអោយមនុស្សវ័យចាស់រស់នៅឯកកោឡើយ។

ការផ្តាំផ្ញើរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី០៧វិច្ឆិកានេះ ក្នុងពិធីសំណេះសំណាល ជាមួយមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញ ចំនួន៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង មានប្រសាសន៍ថា លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះ បានចូលរួមសកម្មភាពជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិអោយអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តអោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នា របស់ឱពុកម្តាយគ្រប់រូប។

លោក ឃួង ស្រេង បានបន្តទៀតថា ការបង្កើតអោយមានកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមក បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។

ក្នុងនោះលោកអភិបាល បានធ្វើការផ្តាំផ្ញើ អោយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកអោយមនុស្សវ័យចាស់ រស់នៅឯកកោឡើយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ 

ជាមួយគ្នានេះដែរលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា លោក ឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់មនុស្សវ័យ ចាស់តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូនដល់មនុស្សវ័យចាស់ ជាពិសេសមនុស្សវ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងជួបការលំបាក។ 

លោកស្រី បន្តថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ មនុស្សវ័យចាស់អាយុចាប់គិតចាប់ពី៦១ឆ្នាំឡើងទៅ សរុបចំនួន១៩២,៣៩៩នាក់ (ស្រី៩៩,២៤២) នាក់។ បានកំពុងគ្រប់គ្រងសមាជិកសមាគមមនុស្សចាស់ ចំនួន២២,១៤៩នាក់ (ស្រី១៣,៧៥០នាក់)។ បានសហការធ្វើបញ្ជីបច្ចុប្បន្នភាព តាមមូលដ្ឋានសង្កាត់ទាំង១០៥ នៃប្រមូលទិន្នន័យមនុស្សវ័យចាស់ជរា ចំនួន ៣,៥២០នាក់ (ស្រី១,៧៣៣នាក់)៕

To Top