ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស ពីឱកាសការងារក្នុងស្រុកចំនួន ៤៤៩៣៥កន្លែង ក្នុងវិស័យសំខាន់ៗ ចំនួនបីធំៗ នៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើស ចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន។
បើតាមលោករដ្ឋលេខាធិការ ឱកាសការងារជាង៤ ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣២១៥៥កន្លែង វិស័យ កសិកម្មចំនួន ៣០៧៦កន្លែង និងសេវាកម្មចំនួន ៩៧០៤កន្លែង ដែលត្រូវបានប្រកាស ជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត។
ក្នុងនោះដែរ តម្រូវការកម្លាំង ពលកម្មមានដូចជា មន្រ្តីឥណទាន និងប្រាក់កម្ចី, អ្នកបញ្ជាម៉ាស៊ីនដេរ, អ្នកត្រួតពិនិត្យ ដំណើរការផលិតលោហធាតុ, យន្តការី និងអ្នកដំឡើងអគ្គិសនី និងបុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗជាច្រើនទៀត។ បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។
ទន្ទឹមនឹងឱកាសការងារ នៅក្នុងស្រុកច្រើន សម្បូរបែប លោករដ្ឋលេខាធិការ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ សូមចាប់យកឱកាសការងារ ដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារ ដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារ នៅក្នុងស្រុក ត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែង ជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោករដ្ឋលេខាធិការ បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ សូមធ្វើការពិចារណា អំពីឱកាសការងារ នៅក្នុងស្រុក ដែលកំពុងមាន តម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ ខណៈការធ្វើការ នៅក្នុងស្រុក នាពេលបច្ចុប្បន្នគឺ ទទួលបាន អត្ថប្រយោជន៍ច្រើន ដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះ ទី១.ប្រាក់ឈ្នួលសមរម្យ, ទី២.កន្លែងការងារនៅក្បែរផ្ទះ និងទី៣. ការចំណាយទាប ដែលអាចឱ្យបងប្អូនសន្សំសំចៃ ការចាយវាយជាប្រចាំបាន។
គួរបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធិផល គួរឱ្យកត់សម្គាល់លើកិច្ចការស្វែង រកឱកាសការងារជូនពលរដ្ឋកម្ពុជា ។
ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ(NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាប្រចាំដើម្បីបង្កើតកន្លែង ជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និង ពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើន អាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារ ចល័តចំនួន ៧ ដើម្បីផ្តល់ព័ត៌មាន និងសេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិត នៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាល និងសាកលវិទ្យាល័យនានា នៅទូទាំងប្រទេសផងដែរ៕