ព័ត៌មានអន្តរជាតិ

មនុស្សចំនួន៨៩នាក់ កំពុងបាត់ខ្លួន ដោយសាររង ការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់នៅភាគខាង កើតប្រទេសអេស្ប៉ាញ

Xinhua

ម៉ាឌ្រីដ ៖ យោងតាមទិន្នន័យ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ដោយមជ្ឈមណ្ឌលទិន្នន័យរួម ហៅកាត់ថា CID ដែលដឹងអំពីឧប្បត្តិហេតុ បានឲ្យដឹងថា ចំនួនមនុស្ស ស្លាប់នៅ ក្នុងគ្រោះទឹកជំនន់ភ្លាមៗ ដែលបានបំផ្លិចបំផ្លាញ ផ្នែកខ្លះនៃភាគខាងកើត ប្រទេសអេស្បាញ កាលពីពេលថ្មីៗនេះ មានចំនួន២១៧នាក់ និងមនុស្សចំនួន៨៩នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ។
ជនរងគ្រោះប្រហែល ២១១ នាក់ស្ថិតនៅក្នុងតំបន់ Valencia ចំនួន០៥នាក់នៅ Castilla-La Mancha ដែលជាតំបន់នៅជិតខាងគ្នា និងម្នាក់នៅ Andalusia ។

រដ្ឋាភិបាលអេស្ប៉ាញ បានឲ្យដឹងថា កងទ័ពចំនួន៧.៩៨៧នាក់ នាពេលឥឡូវនេះកំពុង ធ្វើការនៅតំបន់រងគ្រោះ ដោយមានរថយន្តចំនួន១.៦៣៩គ្រឿង បូករួមទាំងឧទ្ធម្ភាគចក្រចំនួន១២គ្រឿង និងទូកចំនួន ១៨គ្រឿង ។

កងកម្លាំងក៏ត្រូវបានគាំទ្រ ដោយប៉ូលិសជាតិ និងឆ្មាំស៊ីវិលប្រមាណ៥.០០០នាក់ រួមជាមួយនឹងសេវាកម្មជួយ សង្គ្រោះផ្សេងទៀត ព្រមទាំងក្រុមពន្លត់អគ្គីភ័យ មកពីផ្នែកផ្សេងទៀត របស់ប្រទេសនេះ ។

ក្រៅពីកញ្ចប់ជំនួយ ដែលបានប្រកាសរួចហើយ ដោយរដ្ឋាភិបាលអេស្ប៉ាញ ធនាគារវិនិយោគអឺរ៉ុប និងរដ្ឋាភិបាលអេស្ប៉ាញ ក៏កំពុងធ្វើការលើកញ្ចប់ជំនួយ បន្ថែមទៀតផងដែរ ។

ស្ថានីយ៍វិទ្យុអេស្បាញ ឈ្មោះថា Cadena Ser បានដកស្រង់ប្រភព ពីក្រសួងមហាផ្ទៃ ដែលបានរាយការណ៍ កាលពីថ្ងៃពុធថា ឆ្មាំស៊ីវិលអេស្ប៉ាញ បានចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងការវាយប្រហារ ដែលបានកើតឡើង កាលពីប៉ុន្មានថ្ងៃមុននៅទីក្រុង Paiporta ដែលរងគ្រោះដោយការ ខ្វះអាហារហូបចុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top