ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មី នៃការវិនិយោគបរទេស នៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ ផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ខណៈមានការចុះបញ្ជិការ បង្កើតរោងចក្រថ្មីៗ ជាច្រើនកន្លែង ជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ អ្នកវិនិយោគ បរទេស ជាពិសេសកត្តាសន្តិភាព គឺជាកត្តាដ៏សំខាន់ក្នុងការស្រូប យកការវិនិយោគផ្ទាល់ ពីបរទេស ជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា និងអាចបង្កើតការងារនៅក្នុងស្រុក ជូនដល់ពលរដ្ឋកម្ពុជាជាច្រើន។
លោក កត្តា អ៊ន បានកត់សំគាល់ថា ត្រឹមក្នុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី ពីបរទេសចំនួន៣០ និងពង្រីកផលិតកម្មចំនួន១គម្រោង ដែលគម្រោងទាំងអស់នេះ អាចបង្កើតការងារថ្មីក្នុងស្រុកប្រមាណ ១៦ពាន់កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កោះកុង តាកែវ ព្រះវិហារ ។ គម្រោងវិនិយោគថ្មីៗទាំងអស់នេះ មានទាំងគម្រោងបង្កើត រោងចក្រកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ ជាដើម។
ទន្ទឹមនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងដែរថា ការស្វែងរកការងារធ្វើនៅក្នុងប្រទេសពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាត្រូវបានប្រកាសស្ទើរតែរៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូចនេះ លោកបានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចាប់ឱកាសការងារនៅក្នុងស្រុកដ៏សម្បូរបែប ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ជម្រើសការងារក្នុងស្រុក និងក្រៅស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណា អំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការ នៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺទទួលបានអត្ថប្រយោជន៍ ច្រើនដូចទៅនឹងបណ្តាប្រទេស ជិតខាងផងដែរ ។ ក្នុងនោះមានដូចជា ទី១ ប្រាក់ឈ្នួលសមរម្យ ទី២ កន្លែងការងារនៅក្បែរផ្ទះ និងទី៣ ការចំណាយទាប ដែលអាចឱ្យ បងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃ ការចាយវាយជាប្រចាំបាន ៕