កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត រួមទាំងមន្ត្រី ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាមលើកទី ១ អាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅបរិវេណ វត្តខេមវ័ន្តបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានទទួលសំណើរ នឹងសំណូមពរពីប្រជាពលរដ្ឋ ៣៤ ករណី ដោយបានដោះស្រាយភ្លាមៗ ចំនួន ៧ ករណី និងផ្ទេរសមត្ថកិច្ច១ នៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល ។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ក្នុងឱកាសបិទអង្គវេទិកានោះថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់យើងនាពេលនេះ ពិតជាបានផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មាន និងបានស្តាប់នូវរបាយការណ៍ បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេច បានក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាស មួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សា ធ្វើការពិភាក្សា និងឆ្លើយតប។
វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត
កំពង់ចាម។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នា បានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាព សំខាន់ៗ សម្រាប់រដ្ឋបាលខេត្ត យកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹង ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់ គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងការលើក ឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន សំណួរ និងសំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាម
ប្រភេទរដ្ឋបាលនីមួយៗ ៕