ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយស្ដារប្រឡាយលូ, ជួយដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ជួយទប់ស្ដាត់សម្លេងរំខានពីសិប្បកម្មសម្លៀងថ្ម និងការបង់ពន្ធលើអចលនៈទ្រព្យ មានការពិបាកជាដើម។
សំណេីរនិងសំណូមពររបស់ពលរដ្ឋខាងលេីនេះ ធ្វេីឡេីងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅវត្ដវាលស្បូវ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ជាការឆ្លេីយតប ពាក់ព័ន្ធនឹងសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋខាងលេីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការស្ដារប្រឡាយលូ ដាក់បង្គោលភ្លើង គឺកំពុងពិចារណា និងស្នើទៅថ្នាក់លើហើយ ។
ចំពោះបញ្ហាទឹកលិចភូមិមួយចំនួន នៅខណ្ឌច្បារអំពៅអាជ្ញាធរ ខណ្ឌកំពុងលើកគម្រោង ទៅរដ្ឋបាលរាជធានីភ្នំពេញ ទៅថ្នាក់ជាតិ ដើម្បីធ្វើការស្ដារ និងសាងសង់ធារាសាស្ដ្រ ដាក់ម៉ាស៊ីនបូម ឬក៏ត្រូវសាងសង់ស្ថានីយ៏បូមតែម្ដង ។
លោកអភិបាលខណ្ឌបន្ថែមថា ក្រៅពីសំណើរលើសពីសមត្ថភាពរបស់ថ្នាក់ខណ្ឌ អាជ្ញាធរ និងពិនិត្យលទ្ធភាព ដើម្បីធ្វើលើកគម្រោងទៅថ្នាក់ជាតិ តាមក្រោយ ។
ក្នុងឱកាសនេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលេីកថា ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុ ពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំង នូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានី កែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព និងមាន ប្រសិទ្ធភាព ក្នុងនាមជាតំណាងរដ្ឋបាល សាធារណៈ។
ដោយឡែកលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញ សម្រេចបាន និងបាននាំមកនូវសក្តានុពលដ៏ធំធេង នឹងធ្វើរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបានចំណុចខ្វះខាតចំណុខអវិជ្ជមាន ដែលបានអនុវត្តកន្លងមក អាចឲ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅអនុវត្តនិងធ្វើការកែលម្អឡើងវិញ ឲ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ៕