ភ្នំពេញ៖ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ដែលកំពុងវិនិយោគលេីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានឱ្យដឹងថា ខ្លួនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា លេីវិស័យទេសចរណ៍ និងថាមពលស្អាត។
ការលេីកឡេីងរបស់លោក Lu Xiaolong ធ្វេីឡេីងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាប្រទេសចិន កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ លោក Lu Xiaolong បានគោរពរាយការណ៍ ជូនសម្ដេចបវរអធិបតី អំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់ក្រុមហ៊ុនផងដែរ។
លោក Lu Xiaolong ក៏បានលេីកឡេីង អំពីបំណង នៃការពង្រីកការវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត លើវិស័យទេសចរណ៍ និងថាមពលស្អាត។
ជាការឆ្លើយតប សម្តេចធិបតី បានអរគុណចំពោះរបាយការណ៍វឌ្ឍនភាព របស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកនៅក្នុងការលើកកម្ពស់ វិស័យឧស្សាហកម្មអាកាសចរនៅកម្ពុជា ឱ្យក្លាយជា មជ្ឈមណ្ឌលអាកាសចរណ៍មួយ ក្នុងតំបន់ផងដែរ។
បន្ថែមពីនេះ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ អំពីវិធានការ និងគោលនយោបាយ លើកទឹកចិត្តមួយចំនួន ដែលរាជរដ្ឋាភិបាល បានដាក់ចេញរួចហើយ និងគ្រោងដាក់ចេញបន្ថែមទៀត ដើម្បីលើកកម្ពស់ វិស័យអាកាសចរណ៍ បង្កើនការតភ្ជាប់ជើងហោះហើរ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។
ចំពោះបំណងពង្រីកការវិនិយោគ របស់ក្រុមហ៊ុន សម្ដេចបវរអធិបតី បានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕