ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងរៀបចំពន្លាទេសចរណ៍ សម្រាប់ទទួលភ្ញៀវអន្តរជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥ ១៦ វិច្ឆិកាខាងមុខនេះ ក្រសួងទេសចរណ៍ នឹងរៀបចំពន្លាទេសចរណ៍មួយកន្លែង ដែលស្ថិតនៅខាងជើងវេទិកាកិត្តិយស ខាងមុខព្រះបរមរាជវាំង សម្រាប់ផ្តល់ ជូនភ្ញៀវទេសចរអន្តរជាតិ បានចូលរួមទស្សនាការប្រណាំងទូក ព្រមជាមួយនឹងការផ្តល់បដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរអន្តរជាតិ មានដូចជា ការផ្តល់ជូនសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ និងការបំពាក់ទូរទស្សន៍ផ្សព្វផ្សាយ អំពីតំបន់គោលដៅ សក្តានុពលទេសចរណ៍ផ្សេងៗ។

ក្រសួងលើកឡើងថា ព្រឹត្តិការណ៍ពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរអន្តរជាតិ អំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក និងជាព្រះរាជពិធីបុណ្យដ៏មាន ប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

អាស្រ័យហេតុនេះ សូមការីទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធ ផ្តល់កិច្ចសហការចូលរួម ផ្សព្វផ្សាយពីព្រឹត្តិការណ៍ខាងលើឱ្យបានទូលំទូលាយ និងពិនិត្យលទ្ធភាពក្នុងការបញ្ចូលព្រឹត្តិការណ៍នេះ ទៅក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ក្រសួងទេសចរណ៍ សូមអញ្ជើញ និងស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិទាំងអស់ចូលរួមទស្សនាកម្សាន្តដោយក្តីរីករាយ។៕

To Top