ភ្នំពេញ ៖ ក្នុងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» ដែលបានកែច្នៃចេញ ពីសំរាម ដែលមូលបានពីទីប្រជុំជន នៅក្រុងពោធិសាត់ និង តាមសហគមន៍នៅជុំវិញទីលាន។
ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ដែលទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ លោក ស៊ី ឡែន ម្ចាស់សិប្បកម្ម បានឱ្យដឹងថា ការកែច្នៃសំរាម ដែលប្រមូល បានពីក្រុងពោធិ៍សាត់ យកទៅផលិត ជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០ តោន ក្នុងរយៈពេល៤ខែ កន្លងមកនេះ ។ លោក ស៊ីឡែន បានអះអាងថា ផលិតផល របស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ជួយ ង្កើនគុណភាពដីកសិកម្ម ឲ្យមានជីជាតិល្អ ជួយឱ្យមាន បាក់តេរីកកើតឡើងវិញច្រើន និងឲ្យដំណាំ និងរុក្ខជាតិគ្រប់ ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើ ប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
លោកបានថ្លែងថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិក មានការកើនឡើងជាបន្ដបន្ទាប់នោះ ក្រសួងបរិស្ថានបានជំរុញ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលបានជោគជ័យ ព្រោះមានអ្នកចូលរួមច្រើន ជាងពាក់កណ្តាល ប្រទេស បន្ទាប់មក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុមានអ្នកចូលរួម យ៉ាងផុសផុល ទូទាំងប្រទេស ចេញរើសសំរាម ទុកដាក់សំណល់តាមកន្លែងបានត្រឹមត្រូវ ចូលរួមសំអាតផ្ទះ សាលារៀន វត្តអារាមទីសាធារណៈនានា ជាពិសេសតាមដងផ្លូវនានា។
អ្នកនាំពាក្យ ក្រសួងបរិស្ថាន រូបនេះ បានបន្ថែមថា ការកែច្នៃកាកសំណល់ និងសំរាម ដែលបានប្រើរួច ធ្វើជារបស់ ប្រើប្រាស់ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្មនិង ការវិនិយោគ ដោយនិរន្តរភាពឆ្ពោះ ទៅអនាគតបៃតងរបស់កម្ពុជា ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត ដោយជំរុញឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម និងកាកសំណល់ ដែលបានប្រើរួចហើយ យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។
លោក បានថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេស មានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញសំរាម ដែលបង្កើតឡើងមានប្រមាណចន្លោះពី ចំនួន៣០០០ តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ២០% និងល់ពីនេះគឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។ «ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូល សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានជួយចូលរួម ចំណែកលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតង ចំពោះប្រជាពលរដ្ឋ ហើយយើងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់គាំទ្រពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន និងការលើកស្ទួយអាជីវកម្មបៃតង៕