ព័ត៌មានជាតិ

លោក​ ឃួង​ ស្រេង៖​ អុំទូកឆ្នាំនេះ ទាំងក្នុងនិងក្រៅព្រះរាជពិធី ត្រូវតែធានាឱ្យបាន​ សន្តិសុ​ខ​សុវត្ថិភាព១០០%

រូបភាព៖​ ដេីមអម្ពិល​ | ម៉ៅ​ ដារាត់

ភ្នំពេញ៖ នៅសល់រយៈពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤​ នឹងចាប់ផ្តេីម​នៅមុខព្រះបរមរាជវាំង​ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ​ កំពុងមមាញឹកលេីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ​ ក៏ដូចជាកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្ធពិធី​ ដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកនេះ​ ដំណេីរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។

ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាព​ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨​ វិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា​ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាល​ ក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខសុវត្ថិភាព​ ទប់ស្កាត់លំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួន​ចូលមកក្នុងរាជធានី ទប់ស្កាត់ជនអាណាថា ចោរលូកហោប៉ៅជាដើម​ និងការបង្ការទប់ស្កាត់ហានិភ័យ​ នៃគ្រោះអគ្គិភ័យ​ និងការគិតគូរពីអនាម័យបរិស្ថាន។

ជាមួយគ្នានេះ​ លោក​ ឃួង ស្រេង បានបញ្ជាក់ថា​ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ទាំងខាងក្នុងនិងក្រៅព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបាន​ សន្តិសុខ សុវត្ថិភាព១០០%​ ជូនព្រះមហាក្សត្រ,​ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ​ និងប្រជាពលរដ្ឋ​ ដែលចូលមកដើរលេងកំសាន្ត ។

ក្នុងនោះនៅព្រឹកថ្ងៃទី១៤​ វិច្ឆិកា លោកអភិបាលរាជធានី​ និងចុះទៅពិនិត្យទីតាំងទីបញ្ជាការស្រាល ដើម្បីពង្រឹងកម្លាំងឱ្យបានខ្លាំងក្លា។

លោក ឃួង ស្រេង ក៏បានលើកឡើងទៀតថា ទាំងកងកម្លាំងនិងសម្ភារៈផ្សេងៗ បើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

ដើម្បីឱ្យការប្រារព្ធព្រះរាជពិធីនេះ​ ប្រព្រឹត្តទៅបានរលូន គ្មានការរារាំង​ ដល់ដំណើរការអង្គពិធី និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាព​ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ មានដូចជា៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់​,​ អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅ​ របស់កីឡាករ-កីឡាការិនី,​ អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ,​ អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថាន-អនាម័យ​ និងអនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។

គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃកម្ពុជា។

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ មានទូកចូលរួមប្រណាំង ចំនួន៣៤៦គ្រឿង​ ក្នុងនោះមានទូកអុំ ចំនួន ១៧០គ្រឿង ទូកចែវចំនួន ៤៥គ្រឿង (ទូកចែវនារី ០១គ្រឿង) ទូកខ្នាតអន្តរជាតិ ចំនួន ១៣១គ្រឿង (ទូកខ្នាតអន្តរជាតិនារី ០៣គ្រឿង)។ចំណុះទូក ចំនួន ២១,៩៤៦នាក់ ចំណុះបុរសចំនួន ១៧,៤៦៩នាក់ (បម្រុង ៤,២៦៩នាក់) ចំណុះនារីចំនួន ១០៦នាក់ (បម្រុង ១០២នាក់)។​ ចំណែកទីតាំងស្នាក់នៅ​ របស់កីគឡាករអុំទូក មាន២ទីតាំង ៖ ទី១ ទីតាំងដីវាលទល់មុខរង្វង់មូលនាងមច្ឆា (OCIC ជ្រោយចង្វារ) និងទី២ ទីតាំងអតីតស្ថានីយប្រេងឥន្ធនៈសូគីមិច គីឡូម៉ែត្រលេខ៦ (ឫស្សីកែវ)។ ចំពោះប្រទីបដែលនឹងត្រូវបណ្តែត​ អបអរសាទរព្រះរាជពិធីបុណ្យ ចំនួន ៣៥ប្រទីប៕

To Top