ព័ត៌មានអន្តរជាតិ

លោក អាបាស ថ្កោលទោស ការវាយលុក នៅតំបន់ហ្គាហ្សា របស់អ៊ីស្រាអែល និងបដិសេធការ ផ្លាស់ទីលំនៅ របស់ពលរដ្ឋប៉ាឡេស្ទីន

Xinhua

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស បានបរិហារសកម្មភាព យោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយហៅពួកគេថា ជាប្រវត្តិសាស្ត្រខ្មៅងងឹត និងបានចោទប្រកាន់ប្រទេសនេះថា បានធ្វើឱ្យតំបន់ហ្គាហ្សា ក្លាយជាតំបន់គ្មាន មនុស្សរស់នៅ។

ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍រំលឹកខួបលើកទី២០ នៃការស្លាប់ របស់អតីតមេដឹកនាំលោក Yasser Arafat លោក អាបាស បានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីន នឹងមិនត្រូវបានគេជម្លៀស ដោយបង្ខំនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបញ្ជាក់ថា “ប្រជាជនរបស់យើង មិនអាចត្រូវបានគេលុបបំបាត់បាននោះទេ” ដោយគូសបញ្ជាក់ថា បុព្វហេតុប៉ាឡេស្ទីន គឺស្ថិតក្នុងចំណុចប្រសព្វដ៏សំខាន់ ដោយទាំងតំបន់ហ្គាហ្សា និងតំបន់ West Bank ប្រឈមមុខនឹងអំពើហិង្សា និងការផ្លាស់ទីលំនៅ ដោយសារការវាយ ប្រហាររបស់អ៊ីស្រាអែល។

លោក បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ប៉ាឡេស្ទីន ចំពោះសន្តិភាព ដោយអំពាវនាវឱ្យបញ្ចប់ការ កាន់កាប់របស់អ៊ីស្រាអែល និងការបង្កើតរ ដ្ឋអធិបតេយ្យភាពប៉ាឡេស្ទីន ដែលមានទីក្រុង ហ្សេរុយសាឡឹម ខាងកើតជារដ្ឋធានីរបស់ខ្លួន។

កាលពីថ្ងៃអាទិត្យផងដែរ ក្រសួងការបរទេស ប៉ាឡេស្ទីន បានថ្កោលទោស ចំពោះការសាងសង់ ច្រករបៀងយោធា របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដោយចោទ ប្រកាន់អ៊ីស្រាអែលថា បានបែងចែកទឹកដី និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដល់ការឈឺចាប់របស់អ្នកស្រុករបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកំពុង រៀបចំតំបន់ហ្គាហ្សា ឡើងវិញ ដោយបង្កើតច្រករបៀងយោធាចំនួន៣ និងជាអចិន្ត្រៃយ៍។

យោធាអ៊ីស្រាអែលបានបង្កើតច្រករបៀង Netzarim រួចហើយ ដែលបែងចែកតំបន់ហ្គាហ្សា ទៅជាតំបន់ភាគខាងជើង និងភាគខាងត្បូង។ យោងតាមកាសែត Hebrew Yedioth Ahronoth បានឱ្យដឹងថា ច្រករបៀងធំទូលាយ ៤ គីឡូម៉ែត្រត្រូវបានផ្លាស់ប្តូរទៅជាមូលដ្ឋានយោធាដ៏សំខាន់ រួមទាំងមជ្ឈមណ្ឌលឃុំឃាំង និងប៉ុស្តិ៍បញ្ជាការ ជាមួយនឹងផែនការ សម្រាប់ច្រករបៀងពីរបន្ថែមទៀត។

អ៊ីស្រាអែល បានបើកការ វាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ជាការសងសឹក ចំពោះការវាយលុក របស់ក្រុមហាម៉ាស់ លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យជនជាតិ អ៊ីស្រាអែលប្រមាណ ១,២០០ នាក់បានស្លាប់ និង ២៥០ ចំណាប់ខ្មាំងត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top