ព័ត៌មានជាតិ

វេទិកាសាធារណៈ នៅស្រុកកំពង់សៀម ទទួលបានសំណូមពរ និង ទុក្ខកង្វល់ពីប្រជាពលរដ្ឋ ១៤ករណី អាជ្ញាធរខេត្តដោះ ស្រាយភ្លាមៗ ៩ករណី

កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងលោក ផេន សុផល អភិបាលរងខេត្ត រួមទាំងមន្ត្រី ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាមលើកទី ២ អាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅបរិវេណ វត្តសេរីសាគរកោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម បានទទួលសំណើរ នឹងកង្វល់ពីប្រជាពលរដ្ឋ ១៤ ករណី ដោយបានដោះស្រាយភ្លាមៗ ចំនួន ៩ករណី និងនៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល ។

ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពី សកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតប ទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុងស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោក ខ្លូត ផន បានបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នាបានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្ត យកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូល រួមរបស់ប្រជាពលរដ្ឋ និង អង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ ​យ៉ាងសកម្មក្នុងការ លើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និង បានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរ បាន មួយចំនួន សំណួរ និង សំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សា ដោះស្រាយ នៅពេលក្រោយតាម ប្រភេទរដ្ឋបាលនីមួយៗ ៕

To Top